អំឡុងពេលក្រុមអ្នកសង្គ្រោះអន្តរជាតិកំពុងញាប់ដៃញាប់ជើង ក្នុងការជួយសង្គ្រោះនាវាមុជទឹក Titan ដែលបានបាត់ដំណឹង ក្នុងមហាសមុទ្រអាត្លង់ទិក ជាមួយគោលបំណងទៅទស្សនាសាកសពកប៉ាល់ទីតានិក ដែលបានលិចអស់រយៈពេលជាង ១០០ ឆ្នាំ មានបុរសម្នាក់អះអាងថា ប្រតិបត្តិការមួយនេះប្រៀបដូចជា “ប្រតិបត្តិការមរណៈ”។

លោក Arthur Loibl វ័យ ៦១ ឆ្នាំ ជាអ្នកជំនួញ និងជាអ្នកផ្សងព្រេងចូលនិវត្តន៍ ធ្លាប់បានចុះទៅមើលសាកសពកប៉ាល់ទីតានិកដោយផ្ទាល់កាលពី ២ឆ្នាំមុន ជាមួយក្រុមហ៊ុន OceanGate Expeditions ហើយលោករៀបរាប់ថា ដំណើរកម្សាន្តមួយនោះ ប្រៀបដូចជាយកជីវិតទៅចោល។ នេះបើតាមការចុះផ្សាយពី CNA។

បុរសជនជាតិអាល្លឺម៉ង់បានប្រាប់ទៅកាន់សារព័ត៌មាន AP ថា លោកមានបំណងចង់ទៅមើលទីតាំងលិចកប៉ាល់ទីតានិក តាំងពីឆ្នាំ ២០១៦ ដែលគ្រានោះក្រុមហ៊ុនរុស្ស៊ីមួយ ដាក់សំណើមកលោក ក្នុងតម្លៃកន្លះលានដុល្លារ សម្រាប់ការមុជដល់ទីតាំង ប៉ុន្តែលោកបដិសេធ។
រំលងបានមួយឆ្នាំ ក្រុមហ៊ុន OceanGate ក៏បញ្ចេញប្រតិបត្តិការណ៍មួយនេះ ដោយចំណាយទឹកប្រាក់ប្រហែល ១១០ ០០០ ដុល្លារ សម្រាប់ការមុជទៅបាតសមុទ្រក្នុងឆ្នាំ ២០១៩ ប៉ុន្តែដោយសារការធ្វើតេស្តបរាជ័យ ដំណើរកម្សាន្តរបស់លោកត្រូវពន្យារពេល ២ឆ្នាំទៀត។

នៅឆ្នាំ ២០២១ ដំណើរកម្សាន្តទៅកាន់ទីតាំងលិចកប៉ាល់ទីតានិកទទួលបានជោគជ័យ ដោយមានអ្នករួមដំណើរដូចជា លោក Arthur អ្នកជំនាញមុជទឹកជនជាតិបារាំង Paul-Henri Nargeolet លោក Stockton Rush និងជនជាតិអង់គ្លេស ២ រូបទៀត។
ប៉ុន្តែទម្រាំបានដល់ទីតាំងដែលកប៉ាល់ទីតានិកលិច លោក Arthur រៀបរាប់ថា វាមិនងាយស្រួលទេ ដោយសារបញ្ហាបច្ចេកទេសផង និងការរក្សាលំនឹងផង វាត្រូវចំណាយពេល ១០ម៉ោងកន្លះ ទើបអាចដល់ទីតាំង។

“អ្នកសាកស្រមៃមើល អង្គុយនៅក្នុងបំពង់ដែកមួយដែលមានប្រវែងតែប៉ុន្មានម៉ែត្រ ដោយអ្នកមិនអាចឈរ មិនអាចលត់ជង្គង់រាប់ម៉ោង ហើយត្រូវអង្គុយរក្សាលំនឹងនាវា និងដាច់ខាតមិនឲ្យមានការជ្រួលច្របល់ឡើយ។ ខ្ញុំគិតថាខ្លួនឯងឆោត និងហ៊ានខ្លាំងណាស់ ព្រោះមើលទៅវាដូចជា ប្រតិបត្តិការមរណៈអញ្ចឹង”។ នេះបើតាមសម្ដីរបស់លោក Arthur បាននិយាយ៕