កាលពីប៉ុន្មានម៉ោងមុននេះ ឆ្មាំសមុទ្រអាមេរិកបានទម្លាយព័ត៌មានទាក់ទងនឹងដំណឹងរបស់នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate Expeditions ដោយពួកគេជឿថា នាវាមុជទឹកនោះបានផ្ទុះ ហើយមនុស្សនៅក្នុងនាវាទាំង ៥ នាក់ក៏ស្លាប់ទាំងអស់ដែរ។ នេះបើតាមការចុះផ្សាយពី CGTN។

“ពួកយើងជឿថា CEO Stockton Rush,លោក Shahzada Dawood និងកូនប្រុស Suleman Dawood, លោក Hamish Harding និងលោក Paul-Henri Nargeolet បានបាត់បង់ជីវិតហើយ។ ពួកយើងសូមចូលរួមរំលែកទុកជាមួយវិញ្ញាណក្ខន្ធទាំង ៥នាក់ ក៏ដូចជាក្រុមគ្រួសារសពផងដែរ”។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន OceanGate Expeditions។

សូមជម្រាបដែរថា កិច្ចសហប្រតិបត្តិការស្វែងរកនាវាមុជទឹក Titan រយៈពេល ៥ថ្ងៃត្រូវបានបញ្ចប់ បន្ទាប់ពីមានការរកឃើញនូវកម្ទេចកម្ទីនាវាដឹកអ្នកដំណើរ ៥នាក់ ហើយឆ្មាំសមុទ្រអាមេរិកសន្និដ្ឋានថា យានមួយនេះបានផ្ទុះ អំឡុងពេលព្យាយាមឡើងមកផ្ទៃទឹកវិញ។

គួររំលឹកបន្ថែមថា ដំណើរកម្សាន្តសោកនាដកម្មមួយនេះ គឺមានគោលបំណងបញ្ជូនមនុស្សមួយក្រុមតូច ដើម្បីទៅទស្សនាសាកសពកប៉ាល់ទីតានិក ដែលបានលិចកាលពីឆ្នាំ ១៩១២ ក្នុងជម្រៅរហូតដល់ ៣ ៨០០ ម៉ែត្រ ខណៈកន្លងមកក្រុមហ៊ុន OceanGate Expeditions តែងតែរៀបចំកញ្ចប់ដំណើរកម្សាន្តមួយនេះ ប៉ុន្តែមិនដែលមានបញ្ហានោះឡើយ៕