កាលពីពេលថ្មីៗនេះ ស្ដេចត្រាញ់បច្ចេកវិទ្យា ២ រូបគឺ Elon Musk និង Mark Zuckerberg ដែលជាដៃគូប្រជែងគ្នាជាយូរមកហើយ បានបបួលវាយគ្នាមួយស្នើក្នុងទ្រុង។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា អ្នកនាំរឿងមុនគឺមេធំក្រុមហ៊ុន Tesla ដោយបង្ហោះសារឌឺដងទៅកាន់ស្ថាបនិក Facebook នាសប្ដាហ៍នេះថា លោកយល់ព្រមឡើងវាយគ្នាក្នុងទ្រុង បើសិនជា Mark ហ៊ានវាយគ្នា។
មិនបង្អង់យូរ មហាសេដ្ឋីអាមេរិក Mark Zuckerberg ក៏ចេញមុខឆ្លើយតបភ្លាមៗថា “ផ្ញើរទីតាំងមកឲ្យខ្ញុំ” ខណៈក្រុមហ៊ុន Meta ចេញមកបញ្ជាក់ថា សាររបស់ប្រធានក្រុមហ៊ុន គឺពិតប្រាកដ។
គួររំលឹកដែរថា កន្លងមកមហាសេដ្ឋីទាំង ២ នាក់នេះ មិនដែលត្រូវដងត្រូវផ្លែជាមួយគ្នាឡើយ ពោលតាំងពីការគាំទ្រនយោបាយ រហូតដល់បច្ចេកវិទ្យានានា ក៏ពួកគេប្រកែកគ្នាដែរ ខណៈការប្រកួតប្រជែងអាជីវកម្មថ្មីរបស់ពួកគេ រឹតតែធ្វើឱ្យមានភាពច្របូកច្របល់កាន់តែខ្លាំង៕