កាលពីថ្ងៃទី ២១ មិថុនាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគារចំនួន ២ទៀត ដែលកំពុងប្រើប្រាស់ជាមធ្យោបាយទិញអាវុធរបស់ក្រុមយោធាកំពុងកាន់អំណាច។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាមីយ៉ាន់ម៉ាបានពឹងផ្អែកលើប្រភពបរទេស រួមទាំងអង្គភាពរុស្ស៊ីដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដើម្បីទិញ និងនាំចូលអាវុធ បរិក្ខារ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ដើម្បីគាំទ្រដល់ “ការគាបសង្កត់យ៉ាងឃោរឃៅ” របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បន្ថែមពីនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនក៏បានចោទប្រកាន់ក្រសួងការពារជាតិមីយ៉ាន់ម៉ាថា បាននាំចូលសម្ភារៈ និងអាវុធយ៉ាងហោចណាស់ ១ពាន់លានដុល្លារ តាំងពីធ្វើរដ្ឋប្រហារនៅឆ្នាំ ២០២១។
ដោយឡែក ចំពោះធនាគារដែលរងទណ្ឌកម្មសេដ្ឋកិច្ចនោះគឺមានដូចជា ធនាគាររដ្ឋ Myanmar Foreign Trade Bank និង Commercial Bank ខណៈក្រសួងរតនាគារអាមេរិកបញ្ជាក់ថា ពួកគេបានអនុញ្ញាតឱ្យសហគ្រាសរដ្ឋដែលបង្កើតប្រាក់ចំណូល អាចនាំទំនិញទៅកាន់ទីផ្សារអន្តរជាតិបានដូចជា សហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា ហៅកាត់ MOGE ជាដើម៕