កាលពីថ្ងៃទី ២២ មិថុនាកន្លងទៅ អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Robert Habeck បានប្រកាសថា នឹងកាត់បន្ថយទំហំទឹកប្រាក់របស់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលគ្រោងទៅបណ្ដាក់ទុននៅប្រទេសចិន ប្រមាណ ៥ពាន់លានអឺរ៉ូ ឬប្រហែល ៥,៥ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គិតតាំងពីលោក Habeck ចូលកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្ម លោកបានច្រានចោលសំណើពីក្រុមហ៊ុនអាល្លឺម៉ង់ ចំនួន ៤លើករួចមកហើយ សម្រាប់ការវិនិយោគនៅប្រទេសចិន។
បន្ថែមពីនោះ សំណើទាំង ៤នោះគឺមានតម្លៃប្រហែល ៥៥៤លានអឺរ៉ូ ខណៈសំណើថ្មីៗទៀតដែលសរុបជាទឹកប្រាក់ប្រមាណ ៤ពាន់លានអឺរ៉ូ ក៏មិនទទួលបានការអនុញ្ញាតិ ឲ្យធ្វើការបណ្ដាក់ទុននៅចិនផងដែរ។

ជាលទ្ធផល ចំនួននៃពាក្យស្នើសុំដែលត្រូវបានអនុម័តថ្មី សម្រាប់ការធានារបស់រដ្ឋ នៅក្នុងប្រតិបត្តិការនៅប្រទេសចិន បានធ្លាក់ចុះ ៣៧ក្រុមហ៊ុនកាលពីឆ្នាំ២០១៣ មកនៅត្រឹម ០៩ក្រុមហ៊ុនប៉ុណ្ណោះកាលពីឆ្នាំទៅ ខណៈយោងតាមរបាយការណ៍បានឱ្យដឹងថា មានតែក្រុមហ៊ុនចំនួន ០៥ ប៉ុណ្ណោះដែលទទួលបានការអនុញ្ញាតិនៅឆ្នាំនេះ។
សូមជម្រាបបន្ថែមថា តាំងពីលោក Habeck ចូលកាន់តំណែង ការវិនិយោគរបស់ក្រុមហ៊ុនអាល្លឺម៉ង់នៅចិន មានប្រមាណជិត ៧៨០លានអឺរ៉ូប៉ុណ្ណោះ បូករួមទាំងការអនុម័តបន្ថែម សម្រាប់ការធានាការវិនិយោគជាមួយនឹងបរិមាណ ១,១ពាន់លានអឺរ៉ូ៕