ថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បានចេញមុខតវ៉ាប្រឆាំងទៅនឹងការលើកឡើងរបស់ប្រធានាធិបតី លោក ចូ បៃឌិន អំពីមេដឹកនាំចិន លោក ស៊ី ជិនពីង កាលពីពេលថ្ងៃពុធ កន្លងទៅ ហើយស្ថានទូតរបស់ចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការណាមួយជាបន្ទាន់ ដើម្បីលុបចោលនូវផលប៉ះពាល់អវិជ្ជមាន ឬទទួលបាននូវផលវិបាកទាំងអស់គ្នា។

ជាការពិតណាស់ ប្រទេសចិន មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោក បៃឌិន បានហៅលោក ស៊ី ថាជាជនផ្តាច់ការ អំឡុងព្រឹត្តិការណ៍រៃអង្គាសប្រាក់មួយ កាលពីថ្ងៃអង្គារ ដែលជាហេតុការផ្ទុះឡើងភ្លាមៗ នៅត្រឹមមិនដល់មួយថ្ងៃផង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន ទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងរក្សាទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីកើតរឿងហេតុនេះ ស្ថានទូតចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតចិន លោក Xie Feng នឹងធ្វើជាតំណាងយ៉ាងពេញលេញ និងងើបប្រឆាំងតវ៉ាដាច់ខាត ទៅកាន់មន្ត្រីជាន់ខ្ពស់ នៅសេតវិមាន និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក ។
ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយទៀតថា រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល នឹងមិនទទួលយកការបង្កហេតុខាងនយោបាយណាមួយ ប្រឆាំងទៅនឹងមេដឹកនាំកំពូលរបស់ប្រទេសចិននោះឡើយ ហើយនឹងធ្វើការតបតទៅវិញយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។
ជាងនេះទៅទៀតថា ស្ថានទូតចិន ក៏បានធ្វើការជំរុញឱ្យភាគីខាងអាមេរិក ចាត់វិធានការម៉ឺងម៉ាត់ណាមួយ ជាបន្ទាប់ ដើម្បីលុបចោលនូវផលប៉ះពាល់អវិជ្ជមាន និងផ្តល់ការប្តេជ្ញាចិត្តរបស់ខ្លួន។ បើមិនដូច្នោះទេ វាអាចនឹងត្រូវទទួលរងនូវផលវិបាកទាំងអស់គ្នា៕