Amazon នឹងបង្កើនការវិនិយោគរហូតដល់ ២៦ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុន Amazon Inc បាននិយាយថា ខ្លួននឹងបន្ថែមការវិនិយោគដល់ ២៦ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា រហូតដល់ឆ្នាំ ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានធ្វើការបញ្ជាក់ទៀតផងដែរថា ចំនួននៃការវិនិយោគនេះ គឺបានកើនឡើង បន្ទាប់ពីក្រុមហ៊ុន Amazon បានចេញសេចក្តីថ្លែងការណ៍មួយ អំឡុងពេលនាយកប្រតិបត្តិ លោក Andy Jassy បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងដំណើរទស្សនកិច្ច នៅទឹកដីសហរដ្ឋអាមេរិក ។

យ៉ាងណាមិញ បើទោះបីជាលោក Jassy មិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងការវិនិយោគថ្មីនេះក៏ដោយ ប៉ុន្តែការប្រកាសចុងក្រោយនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Amazon Web Services (AWS) របស់ Amazon បាននិយាយកាលពីខែមុនថា ខ្លួននឹងធ្វើការវិនិយោគក្នុងចំនួនទឹកប្រាក់ ១,០៦ទ្រីលានរូពី (១២,៩ពាន់លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌា រហូតដល់ចុងឆ្នាំ ២០៣០ ។

ជម្រាបជូនផងដែរថា Amazon គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយផ្សេងទៀត ដែលបានធ្វើការប្រកាសអំពីការវិនិយោគរបស់ខ្លួន ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Modi ដោយចូលរួមជាមួយក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​អាមេរិក Applied Materials និង​ក្រុមហ៊ុន​បន្ទះ​ឈីប​អង្គចងចាំ Micron Technology ដែលសុទ្ធសឹងតែ​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ទៅលើការវិនិយោគរបស់ខ្លួន អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ទៅកាន់ទឹកដីសហរដ្ឋអាមេរិក៕