កាលពីថ្ងៃសៅរ៍កន្លងទៅ មហាសេដ្ឋីអាមេរិក Elon Musk បាននិយាយថា លោកនឹងចូលហ្វឹកហាត់ក្បាច់គុនវិញ បើសិនជាមានការរៀបចំសង្វៀនប្រកួតរវាងលោក និងស្ថាបនិកក្រុមហ៊ុន Meta។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ម្ចាស់ក្រុមហ៊ុន Twitter បានបង្ហោះសារថា លោកត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតក្នុងទ្រុងនៅទីក្រុង Last Vegas ជាមួយនឹងមេធំ Facebook គឺមហាសេដ្ឋី Mark Zuckerberg។
“ខ្ញុំមិនទាន់បានចាប់ផ្ដើមហ្វឹកហាត់ទេ តែបើសិនជាវា (សង្វៀនប្រកួត) អាចកើតឡើងមែន ខ្ញុំនឹងចូលហ្វឹកហាត់ភ្លាម”។ នេះបើតាមសម្ដីរបស់ប្រធានក្រុមហ៊ុន Tesla បាននិយាយ។

គួរជម្រាបដែរថា ការប្រកួតលើសង្វៀនរវាងមហាសេដ្ឋីអាមេរិកទាំង ២ អាចកើតឡើងបាន បន្ទាប់ពីលោក Dana White ប្រធានអង្គការសិល្បៈក្បាច់គុនចម្រុះសកល UFC បានតេទូរស័ព្ទទៅបុគ្គលទាំង ២ និងបានបញ្ជាក់ថា ពួកគេសុទ្ធតែបង្ហាញជំហរច្បាស់លាស់ជុំវិញបញ្ហាមួយនេះ ហើយលោកក៏មិនខ្លាចក្នុងការរៀបចំសង្វៀនប្រកួតឲ្យពួកគេដូចគ្នា៕