ការណាត់វាយគ្នាក្នុងទ្រុងរវាងមហាសេដ្ឋី Elon Musk និងស្ថាបនិកក្រុមហ៊ុន Meta Platforms មហាសេដ្ឋី Mark Zuckerberg បានធ្វើឲ្យមហាជនរាប់លាននាក់ មានការភ្ញាក់ផ្អើលជាមួយព័ត៌មានមួយនេះជាខ្លាំង។

ជាមួយគ្នានោះ គ្រូបង្វឹកក្បាច់គុនចម្រុះរបស់លោក Mark គឺអ្នកជំនាញក្បាច់គុនចម្រុះ Khai The Shadow Wu បានអះអាងថា មេធំ Facebook គឺជាកូនសិស្សដែលយកចិត្តទុកដាក់ជាមួយការហ្វឹកហាត់ ប៉ុន្តែលោកមិនច្បាស់ថា កូនសិស្សម្នាក់នេះអាចមានសមត្ថភាពយកឈ្នះលើប្រធានក្រុមហ៊ុន Tesla ឡើយ។ នេះបើតាមការចុះផ្សាយពី Insider។

“គាត់ (Mark) គឺពិតជាព្យាយាមហ្វឹកហាត់ខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងថា ការប្រកួតមួយនោះនឹងចេញលទ្ធផលបែបណាឡើយ ដូច្នេះខ្ញុំមិនចង់ធ្វើការវាយតម្លៃមុនទេ។ ខ្ញុំក៏ដូចជាអ្នកទាំងអស់គ្នាដែរ គឺឆ្ងល់មែនទែនថា ហេតុអីបានជាវាអាចមានការប្រកួតបែបនេះបាន”។ នេះបើតាមសម្ដីរបស់លោក Wu បានប្រាប់ទៅកាន់សារព័ត៌មាន Forbes។
គួររំលឹកដែរថា កន្លងមក Mark Zuckerberg បានហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ និងធ្លាប់យកឈ្នះគូប្រកួតបានមេដាយមាសថែមទៀតផង ខណៈមហាសេដ្ឋីមានបំផុតលើលោក Elon Musk ក៏ធ្លាប់បង្ហើបថា លោកធ្លាប់ហ្វឹកហាត់ក្បាច់គុនយូដូ ការ៉ាតេ និងតេក្វាន់ដូកាលពីកុមារភាព ហើយថ្មីៗនេះលោកបានហ្វឹកហាត់ក្បាច់គុនជីជីតស៊ូរយៈពេលខ្លីផងដែរ។

បន្ថែមពីនោះ ប្រធាន UFC លោក Dana White បានបញ្ជាក់បា្រប់បណ្ដាញសារព័ត៌មានថា ទាំង Elon Musk និង Mark Zuckerberg សុទ្ធតែនិយាយមែនពីការប្រកួតមួយនេះ បន្ទាប់ពីលោកតេទូរស័ព្ទទៅភាគីទាំងសងខាង អស់រយៈពេលជាង ១ម៉ោង៕