រឿងរ៉ាវជុំវិញការប្រកួតគ្នាក្នុងទ្រុងរវាងប្រធានក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk និងស្ថាបនិក Facebook មហាសេដ្ឋី Mark Zuckerberg កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកលើប្រព័ន្ធអ៊ីនធឺណិត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Marca បានបង្ហាញថា ប្រធាន UFC លោក Dana White បានបញ្ជាក់ថា ភាគីទាំងសងខាងសុទ្ធតែច្បាស់លាស់ចំពោះការប្រកួតគ្នានេះ ហើយលោកក៏ធានារៀបចំសង្វៀនសម្រាប់ពួកគេផងដែរ។

បន្ថែមពីនោះ លោក White បានសង្កត់ធ្ងន់ថា បើសិនជាការប្រកួតនេះអាចកើតឡើងមែន វានឹងក្លាយជាការប្រកួតធំបំផុតប្រចាំប្រវត្តិសាស្ត្រ ពោលគឺធំរហូតអាចរកចំណូលបានច្រើនជាងការប្រកួតរវាងកីឡាប្រដាល់ Floyd Mayweather និង Conor McGregor ដែលធ្លាប់រកចំណូលបាន ៦០០លានដុល្លារកាលពីឆ្នាំ ២០១៧ ដល់ទៅ ៣ដងឯណោះ។
លោក White បាននិយាយថា៖ វានឹងក្លាយជាការប្រកួតធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ព្រោះគ្រប់គ្នាសុទ្ធតែចង់ឃើញវាកើតឡើងបាន។ កន្លងមកការប្រកួតធំបំផុតដែលធ្លាប់មានគឺ ការប្រកួតរវាង Floyd Mayweather និង Conor McGregor ហើយខ្ញុំគិតថា វាអាចនឹងរកចំណូលបានច្រើនជាងនេះដល់ ៣ដង។

ប្រធាន UFC ថែមទាំងបានព្យាករណ៍ថា ការប្រកួតរវាង Elon Musk និង Mark Zuckerberg អាចលក់សំបុត្របានក្នុងម្នាក់ ១០០ ដុល្លារ ខណៈជាទូទៅតម្លៃសំបុត្រអាចលក់ត្រឹម ៨០ដុល្លារប៉ុណ្ណោះក្នុងម្នាក់។
សូមជម្រាបដែរថា លោក Dana White បញ្ជាក់ថា ក្នុងករណីដែលការប្រកួតរវាង Elon Musk និង Mark Zuckerberg កើតឡើងមែន នោះចំណូលបានពីការប្រកួតនឹងអាចបរិច្ចាគសប្បុរសធម៌ទាំងអស់ ដ្បិតពួកគេសុទ្ធតែជាមហាសេដ្ឋី ដូច្នេះលុយប៉ុណ្ណឹងពួកគេមិនត្រូវការឡើយ៕