បន្ទាប់ពីព័ត៌មានជុំវិញការវាយគ្នាក្នុងទ្រុងរវាងមហាសេដ្ឋី Elon Musk និង Mark Zuckerberg បានផ្ទុះក្នុងប្រព័ន្ធអ៊ីនធឺណិត កីឡាករគុនចម្រុះជាច្រើនរូបសុទ្ធតែបានបញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែភាគច្រើនកាន់ជើងខាង Elon Musk។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Marca បានបង្ហាញថា អ្នកជំនាញក្បាច់គុនជាច្រើនបានអះអាងផ្ដល់ការហ្វឹកហាត់ជូន CEO ក្រុមហ៊ុន Tesla ដោយមិនគិតលុយ ព្រោះដឹងថាដៃគូប្រកួត Mark Zuckerberg ធ្លាប់បានហ្វឹកហាត់អស់រយៈពេលច្រើនឆ្នាំដែរ ខណៈ Elon Musk ខានហ្វឹកហាត់ក្បាច់គុនយូរហើយ។
បើទោះជាខានរំលឹកក្បាច់គុនយូរ តែ Elon Musk មានជំនឿចិត្តថា អាចយកឈ្នះ Mark Zuckerberg បាន ព្រោះធ្លាប់មានបទពិសោធន៍ក្បាច់គុនច្រើន ប៉ុន្តែអ្នកជំនាញក្បាច់គុនបង្ហើបថា បើម្ចាស់ក្រុមហ៊ុន Twitter មិនចង់ខ្មាសគេ លោកចាំបាច់ត្រូវហ្វឹកហាត់ជាបន្ទាន់ មុនពេលប្រកួតជាមួយមេធំ Facebook។

ជាមួយគ្នានោះ កីឡាប្រដាល់ជើងចាស់ Dominick Cruz បានចេញមុខមកធានាថា លោកនឹងផ្ដល់ការហ្វឹកហាត់ដល់ Elon Musk បើសិនជាមានឱកាស ព្រោះលោកគឺជា Fan មួយរូបរបស់មហាសេដ្ឋីអាមេរិកម្នាក់នេះ។
“ខ្ញុំនឹងធ្វើជាគ្រូបង្វឹករបស់ Elon Musk ហើយនឹងចាប់ផ្ដើមភ្លាមៗ បើសិនជាគាត់ព្រម។ ខ្ញុំគឺជាអ្នកគាំទ្រមួយរូបរបស់គាត់ ចំពោះអ្វីដែលគាត់បានធ្វើសម្រាប់ពិភពលោក”។ នេះបើតាមសម្ដីរបស់លោក Cruz បាននិយាយ។

គួររំលឹកដែរថា Dominick Cruz គឺជាកីឡាប្រដាល់ប្រភេទទម្ងន់ Bantamweight ដែលជាការប្រកួតគីឡូចន្លោះពី ៥១-៥៤ គីឡូក្រាម ហើយលោកក៏ជាម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ Bantamweight ២ សម័យផងដែរ។
ជម្រាបបន្ថែមថា ក្រៅពី Cruz ក៏មានកីឡាគុនចម្រុះជាច្រើនទៀត ស្ម័គ្រចិត្តផ្ដល់ការហ្វឹកហាត់ជូន Elon Musk ដោយមិនគិតថ្លៃថែមទៀតផង៕