រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំប្រជាពលរដ្ឋរបស់ខ្លួនពីប្រទេសរុស្ស៊ីគ្រប់ពេល បើសិនជាយល់ឃើញថាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ីទាំង ៧៥៥នាក់ អាចមានហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយឡែក ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ahmad Zahid Hamidi ក៏បានលើកឡើងដែរថា៖ រដ្ឋាភិបាលបានរៀបចំកិច្ចព្រមព្រៀងមួយចំនួន តាមរយៈរដ្ឋមន្ត្រីការបរទេស Wisma Putra ក្នុងការនាំយកប្រជាជនម៉ាឡេស៊ីពីរុស្ស៊ីគ្រប់ពេល បើសិនជាកាលៈទេសៈតម្រូវឲ្យពួកគេធ្វើបែបនេះ”។

បន្ថែមពីនោះនៅក្នុងការណែនាំមួយកាលពីថ្ងៃសៅរ៍ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅប្រទេសរុស្ស៊ី បានជំរុញឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់ ជាពិសេសនិស្សិតនៅទីក្រុងមូស្គូ សាំងពេទឺប៊ឺគ និងវ៉ុលហ្គោក្រាដ រក្សាការប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ កំណត់ការចេញទៅក្រៅ ក៏ដូចជាជៀសវាងតំបន់ដែលមានមនុស្សច្រើន។
ពួកគេក៏បានណែនាំដល់ប្រជាជនម៉ាឡេស៊ី ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវយកឯកសារផ្ទាល់ខ្លួនដូចជា លិខិតឆ្លងដែនរបស់ពួកគេគ្រប់ពេលវេលា និងដើម្បីធានាថាឯកសារធ្វើដំណើរមានសុពលភាព និងងាយស្រួលប្រើប្រាស់។
គួរជម្រាបដែរថា ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសរុស្ស៊ីកំពុងរក្សាទំនាក់ទំនងយ៉ាងស្អិតល្មួត ជាមួយប្រជាជនម៉ាឡេស៊ីទាំង ៧៥៥នាក់ ដើម្បីធានាបានពីសុវត្ថិភាពរបស់ពួកគេ៕