ប្រទេសជប៉ុន នឹងចាប់ផ្ដើមដាក់ប្រទេសកូរ៉េខាងត្បូងនៅក្នុង “បញ្ជីស” សម្រាប់ការនាំចេញទំនិញ ជាមួយនឹងស្ថានភាពពាណិជ្ជកម្មលឿនដែលមានសុពលភាព ចាប់ពីថ្ងៃទី ២១ កក្កដាតទៅ។

យោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន Yasutoshi Nishimura បាននិយាយថា វាគឺជាចំណុចសំខាន់មួយ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដែលធ្លាប់មានភាពល្អក់កករជាមួយគ្នា។

គួររំលឹកដែរថា ប្រទេសជប៉ុនបានលុបចោលការទប់ស្កាត់ ការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់ ទៅកាន់កូរ៉េខាងត្បូងកាលពីខែមីនា ខណៈដែលប្រទេសនានាបានពង្រឹងទំនាក់ទំនង ចំពេលមានការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង និងការបង្កើនសកម្មភាពការពាររបស់ប្រទេសចិន។
ដោយឡែក ក្រសួងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងក៏បានស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះថា ជា “ការស្តារឡើងវិញនូវទំនុកចិត្តពេញលេញ រវាងប្រទេសទាំងពីរក្នុងការគ្រប់គ្រងការនាំចេញ” និងបានបញ្ជាក់ថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងតូក្យូ លើបញ្ហាត្រួតពិនិត្យការនាំចេញទ្វេភាគី និងពហុភាគីនាពេលអនាគត៕