នាថ្ងៃទី ២៧ មិថុនានេះ នាយករដ្ឋមន្ត្រីចិន Li Qiang បានធ្វើការថ្កោលទោសចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមលោកខាងលិច សម្រាប់ “ការកាត់បន្ថយហានិភ័យ” សេដ្ឋកិច្ចពិភពលោក ថាជា “សំណើរមិនពិត”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Li បានមានប្រសាសន៍ថា៖ នៅលោកខាងលិច មនុស្សម្នាខ្លះកំពុងត្រេកអរជាមួយនឹងអ្វីដែលពួកគេហៅថា “កាត់បន្ថយការពឹងផ្អែក និងកាត់បន្ថយហានិភ័យ” ប៉ុន្តែការគិតបែបនេះ គឺជារឿងខុស ដោយសារតែការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច តម្រូវឲ្យ សេដ្ឋកិច្ចពិភពលោកបានក្លាយទៅជាអង្គភាពរួមមួយ ដែលអ្នក និងខ្ញុំត្រូវធ្វើការជាមួយគ្នា។
នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ថែមទៀតថា៖ សេដ្ឋកិច្ចនៃប្រទេសជាច្រើន ត្រូវបានបញ្ចូលគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមក ធ្វើសមិទ្ធិផលដោយសារតែគ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នា ហើយនេះជាការពិត និងមិនមែនជារឿងអាក្រក់ទេ។
គួររំលឹកដែរថា កាលពីខែមុន ក្រុម G7 បានបើកអង្គប្រជុំនៅប្រទេសជប៉ុន ហើយក៏បានជជែកគ្នាអំពីបញ្ហាកាត់បន្ថយហានិភ័យសេដ្ឋកិច្ចពិភពលោក ដោយពួកគេបង្ហាញឆន្ទៈថា ត្រូវបោះចោលយុទ្ធសាស្ត្រ “ផ្ដាច់ខ្លួន” ពីចិន ប៉ុន្តែងាកមក “កាត់បន្ថយការពឹងផ្អែក” ជាបណ្ដើរៗវិញ ដ្បិតមហាអំណាចចិនគឺជាដៃគូសំខាន់របស់បណ្ដាប្រទេសជាច្រើន ដូច្នេះបើសុខៗពួកគេ “ផ្ដាច់ខ្លួន” នោះប្រៀបដូចជា ផ្ដាច់ផ្លូវខ្លួនឯងដូចគ្នា។

យ៉ាងណា ក្រុម G7 នៅតែព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន និងព្យាយាមដាក់គំនាបសេដ្ឋកិច្ចលើមហាអំណាចអាស៊ី តាមដែលអាចធ្វើទៅបាន ដូចជាយកលេសថា ចិនមិនចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដូច្នេះអាមេរិកព្យាយាមរារាំងដល់ការនាំចេញទំនិញរបស់ចិន ចូលទីផ្សារអាមេរិកជាដើម៕