ទីភ្នាក់ងារ UN៖ បើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបញ្ចប់ តំបន់អាហ្វ្រិករងទុក្ខធ្ងន់

អន្តរជាតិ

កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាន​បង្ហើបឲ្យដឹងថា បើសិនជា​កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ​បញ្ចប់ នោះ​តំបន់ស្នែងអាហ្វ្រិក (Horn of Africa) ដែលមានប្រទេសដូចជា ជីប៊ូទី អេរីទ្រា អេត្យូពី សូម៉ាលី កេនយ៉ា ស៊ូដង់ខាងត្បូង និងស៊ូដង់ នឹងរងទុក្ខធ្ងន់ជាមិនខាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បញ្ហាធំ​ដែល​ប្រទេសទាំង ៤នោះ នឹងជួបប្រទះ​គឺ តម្លៃម្ហូបអាហារ នឹងឡើងថ្លៃ ហើយវានឹងបណ្ដាលឲ្យ​មនុស្សរាប់សិបលាននាក់ ប្រឈមនឹង​ហានិភ័យ​កង្វះខាតស្បៀងអាហារ។

ប្រភពដដែលបន្ថែមថា គ្រោះទុរភិក្សនៅផ្នែកខ្លះ​នៃ​តំបន់ស្នែងនៃទ្វីបអាហ្វ្រិក គឺអាចបញ្ចៀសបានខ្លះនៅឆ្នាំនេះ ខណៈរដូវវស្សាដែលព្យាករណ៍ថា នឹងបរាជ័យក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា មានលើសពីការរំពឹងទុក។

ប៉ុន្តែមន្ត្រីជំនួយបាននិយាយថា មនុស្សប្រហែល ៦០លាននាក់នៅតែជួបបញ្ហាអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ០៧ នៅអាហ្វ្រិកខាងកើត ហើយព្រួយបារម្ភអំពីផលប៉ះពាល់នៃការវាយប្រហារបន្ថែមទៀត។

“ការមិនបន្តឡើងវិញនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅនឹងប៉ះពាល់អាហ្វ្រិកខាងកើតយ៉ាងធ្ងន់ធ្ងរ។ មានប្រទេសមួយចំនួនដែលពឹងផ្អែកលើស្រូវសាលីរបស់អ៊ុយក្រែន ហើយបើគ្មានវាទេ យើងនឹងឃើញតម្លៃអាហារខ្ពស់យ៉ាងខ្លាំង”។ នេះបើតាមសម្ដីរបស់លោក Dominique Ferretti មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់កម្មវិធីស្បៀងអាហារពិភពលោក។

គួររំលឹកដែរថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា កុមារប្រហែល ១០,៤លាននាក់ប្រឈមមុខ នឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅក្នុងប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង និងផ្នែកខ្លះនៃប្រទេសកេនយ៉ា។

សូមជម្រាបដែរថា បេសកជនអ៊ុយក្រែនបាន​សង្កត់ធ្ងន់ថា ៩៩,៩% រុស្ស៊ីនឹងលុបចោលកិច្ចព្រម​ព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែល​ផ្ដួចផ្ដើមឡើងពីការសម្របសម្រួលរវាង​អង្គការសហប្រជាជាតិ និងតួកគី​កាលពីខែកក្កដា ឆ្នាំទៅ បើសិនជាឧបសគ្គចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ីមិនត្រូវបានដកចេញទេ៕