កាលពីពេលថ្មីៗនេះ សភាជាន់ខ្ពស់រុស្ស៊ី Leonid Slutsky បានអំពាវនាវឲ្យរដ្ឋាភិបាល ចាប់ផ្ដើមគិតគូរលើការបង្កើនចំនួនកងទ័ពឲ្យបាន ៧លាននាក់ ដើម្បីជៀសវាងការបះបោរដែលរុស្ស៊ីទើបនឹងបានជួបកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
រំលឹកបន្តិចថា មុននេះប៉ុន្មានថ្ងៃមានការបះបោរមួយកើតឡើងនៅប្រទេសរុស្ស៊ី គឺក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដឹកនាំដោយលោក Yevgeny Prigozhin ដែលបានគ្រប់គ្រងលើការបញ្ជាទ័ព និងបានសម្រុកចូលទីក្រុងមូស្គូ ប៉ុន្តែបានបោះបង់បេសកកម្មមួយនេះភ្លាមៗ។
ដូច្នេះហើយ លោក Leonid ដែលរ៉ាប់រងបន្ទុកចរចាជាមួយប្រទេសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីត្រូវការទាហានយ៉ាងហោចណាស់ ៧លាននាក់ ជាយោធានិងជនស៊ីវិលនៅលើកងទ័ពសឹករងបច្ចុប្បន្ន ដើម្បីបង្ការការបះបោរដែលអាចកើតមាននាពេលក្រោយទៀត។
“ប្រទេសមួយនេះមិនត្រូវការក្រុមហ៊ុនយោធាឯកជន (PMC) ឡើយ ព្រោះបញ្ហាដែលមាននៅក្នុងជួរកងទ័ព ក្រុមទាហានស៊ីឈ្នួលមិនអាចដោះស្រាយទេ”។ នេះបើតាមសម្ដីរបស់លោក Leonid បាននិយាយ។
សូមជម្រាបថា បច្ចុប្បន្នរុស្ស៊ីគឺជាប្រទេសដែលមានទាហានសកម្មចំនួនជាង ១លាននាក់ និងជាប្រទេសមានកម្លាំងយោធាធំបំផុតទី ៥ ប្រចាំពិភពលោក ហើយបើសិនជារុស្ស៊ីចង់បានទាហានរហូតដល់ ៧លាននាក់ នោះពួកគេនឹងក្លាយជាប្រទេសមានកម្លាំងយោធាធំបំផុតលើលោក ប៉ុន្តែជាមួយគ្នានោះ ក៏ត្រូវចំណាយថវិកាអស់មិនតិចពាន់លានដុល្លារឡើយ សម្រាប់ប្រាក់បៀវត្សរ៍របស់ក្រុមទាហានរាប់លាននាក់៕