កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី ក្នុងការបង្ហាញពីមុខមាត់របស់ប្រទេសជាតិ នាមជាមហាអំណាចដ៏ធំមួយ ហាក់កំពុងទទួលបានការសាទរយ៉ាងខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌា ដែលកំពុងរស់នៅខាងក្រៅប្រទេស។
ជាការពិតណាស់ ការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងប្រជាជនឥណ្ឌា និងប្រជាជនមានដើមកំណើតឥណ្ឌា គឺជាធាតុផ្សំដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យលោក មូឌី តែងតែចំណាយពេលចេញធ្វើដំណើទស្សនកិច្ចទៅក្រៅប្រទេស ចាប់តាំងពីលោក បានចូលកាន់តំណែង នៅក្នុងឆ្នាំ ២០១៤ មក ។
មិនតែប៉ុណ្ណោះ បើតាមសមាជិកនៃសមាគមន៍ឥណ្ឌាក្រៅប្រទេស Carnegie India លោក Konark Bhandari បាននិយាយថា ៖ ” លោក មូឌី ប្រហែលជាអាចទទួលបានប្រជាប្រិយភាពកាន់តែច្រើន ជាមួយនឹងជនភៀសខ្លួនឥណ្ឌា ដោយសារតែគាត់តែងតែបានទាក់ទងជាមួយពួកគេច្រើន។ ជាពិសេស គាត់ក៏ធ្លាប់បានចុះផ្ទាល់ទៅកាន់មូលដ្ឋាន នៅក្រៅប្រទេសផងដែរ។ ដូច្នេះហើយបានជាខ្ញុំអាចនិយាយថាគាត់មានប្រជាប្រិយភាពជាងនាយករដ្ឋមន្ត្រីមុនៗបន្តិច ” ។
កាលពីសប្តាហ៍មុន លោក មូឌី បានបញ្ចប់ដំណើរទេស្សនកិច្ចរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ដែលជាលើកទីមួយផងដែរសម្រាប់គាត់ ជាមួយនឹងឋាន:ការទូតពេញលេញ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ អំឡុងពេលនោះ មេដឹកនាំរូបនេះ ក៏បានផ្តល់វត្តមាននៅក្នុងការជួបជុំដ៏ធំមួយ នៃជនភៀសខ្លួនឥណ្ឌា នៅក្នុងមជ្ឈមណ្ឌល Ronald Reagan ក្នុងទីក្រុងវ៉ាស៊ីនតោន ផងដែរ ។
គួរឱ្យដឹងថា ជនភៀសខ្លួនឥណ្ឌា បានតំណាងឱ្យត្រឹមតែ ១% ប៉ុណ្ណោះ នៃចំនួនប្រជាជនអាមេរិកសរុប ប៉ុន្តែដោយសារតែភាពរឹងមាំផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ឥណ្ឌា បានធ្វើឱ្យមានចំនួនកើនឡើង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លើសពីនេះ ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា មូលហេតុសំខាន់ ដែលធ្វើឱ្យលោក មូឌី ខិតខំប្រឹងប្រែង ក្នុងការចូលរួមជាមួយសហគមន៍ឥណ្ឌា នៅខាងក្រៅប្រទេស ក្នុងរយ:ពេលប៉ុន្មានឆ្នាំមកនេះ គឺអាចមកពីចំនួនប្រជាជន ដែលមានដើមកំណើតឥណ្ឌាជាច្រើន បានចូលទៅកាន់តំណែង នៅក្នុងក្រុមហ៊ុនធំៗលើពិភពលោក និងរួមទាំងក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក ថែមទៀតផង ។
ជាងនេះទៅទៀត អ្នកវិភាគនយោបាយ បាននិយាយថា ប្រជាប្រិយភាពរបស់លោក មូឌី ក្នុងចំណោមជនភៀសខ្លួនឥណ្ឌា បង្ហាញពីអារម្មណ៍នៃការទទួលយកពីភាពរីកចម្រើននៃការដឹកនាំរបស់គាត់ ក្នុងចំណោមមូលដ្ឋាននយោបាយដ៏ទូលំទូលាយ ដែលអាចជាកត្តាសំខាន់ នៅមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយ ៕