កាលពីថ្ងៃទី ២៧ មិថុនាកន្លងទៅ នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins បានបំពេញទស្សនកិច្ចទៅចិន ដោយបានជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង នៅទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដំណើរទស្សនកិច្ចមួយនេះធ្វើឡើងក្នុងគោលបំណង បង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងនូវែលសេឡង់ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក ដ្បិតចំណូលបានពីការនាំចេញរបស់ប្រទេសលោកខាងលិចមួយនេះ ប្រហែល ១/៤ គឺបានមកពីប្រទេសចិន ដែលមានន័យថា នូវែលសេឡង់ពឹងផ្អែកលើមហាអំណាចអាស៊ីជាខ្លាំង។
នាយករដ្ឋមន្ត្រី Hipkins ក៏បាននិយាយជាមួយលោក ស៊ី ជិនពីង អំពីការពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានា ដូចជា ពាណិជ្ជកម្ម ការអប់រំ វិទ្យាសាស្ត្រ និងនវានុវត្តន៍ កសិកម្ម និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប ប្រធានាធិបតីចិនបានប្រាប់ទៅកាន់លោក Hipkins ថា ទំនាក់ទំនងទ្វេភាគីបាន “បន្តអភិវឌ្ឍប្រកបដោយសុខុមាលភាព និងស្ថិរភាព ថែមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងសងខាង”។
បន្ថែមពីនោះ ថ្នាក់ដឹកនាំកំពូលចិនក៏បានលើកឡើងទៀតថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បី “ជំរុញការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងយូរអង្វែង នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់”៕