ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla កំពុងធ្វើការលក់រថយន្តបានយ៉ាងល្អប្រសើរនៅប្រទេសចិន បើទោះជាកំពុងរងគំនាបពីក្រុមហ៊ុនក្នុងស្រុកដូចជា BYD ជាដើម ប៉ុន្តែ Tesla អាចនឹងបំបែកកំណត់ត្រាថ្មី ប្រចាំត្រីមាសនៅប្រទេសចិនបាន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន Tesla អាចលក់រថយន្តបាន ១៥៥ ០០០គ្រឿងនៅប្រទេសចិន ចន្លោះពីខែមេសា ដល់ខែមិថុនា កើនឡើងប្រហែល ១៣% បើធៀបនឹងការលក់ពីត្រីមាសទី ២។
ទន្ទឹមនឹងនោះ លោក Yale Zhang នាយកគ្រប់គ្រងនៅក្រុមហ៊ុនប្រឹក្សា Automotive Foresight បាននិយាយថា៖ Tesla ត្រូវការលក់រថយន្តទៅកាន់ទីក្រុងតូចៗនៅប្រទេសចិន ដើម្បីបង្កើនចំនួនលក់ ប៉ុន្តែតម្លៃរថយន្តរបស់ពួកគេ អាចជាឧបសគ្គក្នុងការសម្រេចបានការលក់ជាបណ្ដាញបែបនេះ។
សូមជម្រាបដែរថា ប្រទេសចិនគឺជាទីផ្សារធំបំផុតទី ២ របស់ក្រុមហ៊ុន Tesla បន្ទាប់ពីអាមេរិកខាងជើង និងមានរោងចក្រធំបំផុតនៅទីក្រុងសៀងហៃថែមទៀត ខណៈពួកគេព្យាយាមកាត់បន្ថយតម្លៃរថយន្ត ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនក្នុងស្រុក ដែលកំពុងទទួលបានការគាំទ្រពីប្រជាជនចិន។
ក្រុមហ៊ុន Tesla នឹងប្រកាសពីការលក់ប្រចាំត្រីមាសទី ២ ជាសកលនៅចុងសប្ដាហ៍នេះ ខណៈការលក់នៅចិន នឹងបង្ហាញទិន្នន័យនាសប្ដាហ៍ទីមួយ នៃខែកក្កដាខាងមុខ៕