បច្ចុប្បន្ន មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុងធ្វើការហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ជាមួយនឹងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ Lex Fridman ដែលជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកម្រិតទីមួយ។

ឆ្លងកាត់ការហ្វឹកហាត់រយៈពេលប៉ុន្មានម៉ោង លោក Lex បានសរសើរមហាសេដ្ឋីអាមេរិកថា លោកមានទេពកោសល្យជាមួយនឹងក្បាច់គុនជីជីតស៊ូ គួបផ្សំនឹងកម្លាំងខ្លាំងផង មេធំ Tesla រឹតតែហ្វឹកហាត់ឆាប់ពូកែថែមទៀត។ នេះបើតាមការចុះផ្សាយពី Indiatoday។

ម្ចាស់ខ្សែក្រវ៉ាត់ខ្មៅជីជីតស៊ូកម្រិតទីមួយ និយាយថា៖ ខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់ភ្លាមៗជាមួយ Elon Musk ប៉ុន្មានម៉ោងកាលពីម្សិលមិញ ហើយខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះកម្លាំងដ៏ខ្លាំង និងបច្ចេកទេសរបស់គាត់។
បើសង្កេតតាមរយៈរូបភាពដែលបង្ហោះនៅលើគណនី Lex Fridman គឺអាចដឹងបានថា Elon Musk បានចាប់ផ្ដួល Lex លើកម្រាល ជាមួយបច្ចេកទេស និងកម្លាំងដ៏ខ្លាំងរបស់លោក ដែលគ្រប់គ្នាស្មានមិនដល់។

សូមជម្រាបដែរថា លោក Lex ក៏ធ្លាប់ជាដៃគូហ្វឹកហាត់ក្បាច់គុនជីជីតស៊ូ ជាមួយនឹងស្ថាបនិក Facebook មហាសេដ្ឋី Mark Zuckerberg ផងដែរ ដូច្នេះលោកគឺជាបុគ្គលដែលអាចវាស់ស្ទង់បានច្បាស់ពីសមត្ថភាពរវាង Elon Musk និង Mark Zuckerberg៕