យោងតាមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែមានស្ថិរភាព ហើយវាត្រូវបានគេព្យាករទៀតថា នឹងបន្តមានការកើនឡើង សម្រាប់ឆ្នាំ ២០២៣ នេះ។
បើតាមអគ្គលេខាធិការ NESDC លោក Danucha Pichayanan បានបង្ហាញទៀតថា ការបញ្ចេញថវិការដ្ឋរបស់ថៃ អាចនឹងឈានដល់ចំនួនប្រហែល ១ទ្រីលានបាត (២៨,៥ពាន់លានដុល្លារ) នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ នេះ ។
មន្ត្រីរូបនេះ ក៏បាននិយាយទៀតថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ទទួលបានការរីកចម្រើគួរសម នៅក្នុងឆ្នាំនេះ ជាពិសេសត្រូវបានគាំទ្រដោយវិស័យទេសចរណ៍ និងការកើនឡើងតម្រូវការប្រើប្រាស់ក្នុងស្រុក។ ជាមួយគ្នានេះ តួលេខបច្ចុប្បន្ន បានបង្ហាញថាភ្ញៀវទេសចរប្រមាណ ២ លាននាក់ បានចូលមកលេងកម្សាន្តនៅប្រទេសថៃ ក្នុងមួយខែៗ ហើយនៅតែរំពឹងថានឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត ។
តែទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់ថៃ នៅតែមានការព្រួយបារម្ភាចំពោះបំណុលគ្រួសារ ជាពិសេសការកើនឡើងអត្រាមិនប្រក្រតីនៃប្រាក់កម្ចីទិញរថយន្ត ខណ:ពេលដែលបំណុលតាមកាតឥណទាន នៅតែបន្តមានកើនឡើងខ្ពស់។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលថៃ មិនត្រឹមតែត្រូវធ្វើដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីការពារដល់ការចំណាយលើសលប់ និងការប្រមូលយកបំណុលច្រើនជាងលទ្ធភាព ក្នុងការសងត្រលប់ទៅវិញ។
លើសពីនេះ មិនថាសេដ្ឋកិច្ចរបស់ថៃ ឬពិភពលោកទាំងមូលនោះឡើយ នៅតែប្រឈមមុខជាមួយនឹងអតិរណាខ្ពស់ជាបន្តបន្ទាប់។ ហើយប្រសិនបើអតិផរណាមានការថយចុះបន្តិចម្តងៗ ប៉ុន្តែវាក៏នឹងប៉ះពាល់ដល់អត្រាការប្រាក់ផងដែរ។ កត្តាសំខាន់មួយទៀត ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក និងប្រទេសថៃផងដែរនោះ គឺជម្លោះភូមិសាស្ត្រនយោបាយ ដែលនៅមិនទាន់រលាយបាត់នៅឡើយ៕