ក្នុងវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ចិន ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នាថ្ងៃពុធ ទី២៨ ខែមិថុនា នាយករដ្ឋមន្ត្រី Pham Minh Chính បានអំពាវនាវដល់អ្នកវិនិយោគចិន មកបន្តវិនិយោគនៅវៀតណាមបន្ថែមទៀត អំឡុងពេលជួបប្រជុំជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពី The Star។
វៀតណាម បានចាត់ទុកការវិនិយោគពីបរទេសដោយផ្ទាល់ (FDI) ជាអាទិភាព លើវិស័យបច្ចេកវិទ្យាទំនើប ការច្នៃប្រឌិត ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ខណៈនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យវិនិយោគិនចិន មកបន្តការបណ្ដាក់ទុនលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា សាងសង់ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនជាដើម។
បន្ថែមពីនោះ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guzhong បានអរគុណសហគមន៍ធុរកិច្ចវៀតណាម និងចិន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយលោកសន្យាថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងចិន នឹងបន្តរក្សានូវកំណើនបន្ថែមទៀត។
សូមជម្រាបបន្ថែមថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៤ របស់ចិន ដែលទំហំពាណិជ្ជកម្មប្រទេសទាំង ២ បានឈានដល់ ១៧៥ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ខណៈសហគ្រាសចិនកាន់តែច្រើនកំពុងវិនិយោគនៅវៀតណាម ព្រោះប្រទេសនៅអាស៊ានមួយនេះជាគោលដៅ វិនិយោគធំបំផុតមួយរបស់សហគ្រាសចិន។
រំលឹកបន្តិចថា កិច្ចប្រជុំមួយនេះរៀបចំដោយក្រសួងផែនការ និងវិនិយោគវៀតណាម និងក្រុមប្រឹក្សាចិន ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីវៀតណាមនៅសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong និងរដ្ឋមន្ត្រីពីក្រសួងនានា ក៏ដូចជាសហគ្រាសវៀតណាម និងចិន ច្រើនជាង ៣៥០ ផងដែរ៕