ថៃត្រៀមធ្វើម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយអង់គ្លេស

អន្តរជាតិ

ប្រទេសថៃ និងចក្រភពអង់គ្លេស កំពុងរៀបចំវេទិកាសម្រាប់កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នា ហៅកាត់ Jetco ជាលើកទី ២ ខណៈសារនេះ ថៃនឹងត្រូវដើរតួជាម្ចាស់ផ្ទះ នាខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយពីកាសែត Bangkokpost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក យោងតាមការឲ្យដឹងពីលោកស្រី Auramon Supthaweethum អគ្គនាយក​នៃនាយកដ្ឋាន​ចរចាពាណិជ្ជកម្ម បានបង្ហាញថា ភាគីទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅជាភាពជាដៃគូពាណិជ្ជកម្មដែលប្រសើរឡើង ឬភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រក្នុងវិស័យជាច្រើនរូមមាន វិស័យអាហារ និងភេសជ្ជៈ សុខាភិបាល អប់រំ យានយន្ត កសិកម្ម និងវិស័យឌីជីថលជាដើម។

លោកស្រីថែមទាំងបានសង្កត់ធ្ងន់ទៀតថា កិច្ចសហប្រតិបត្តិការមួយនវ គឺមានបំណង​ត្រួសត្រាយ​ផ្លូវ សម្រាប់​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាងប្រទេសទាំង ២ នាថ្ងៃអនាគត​ថែមទៀត។

សូមជម្រាបដែរថា ចាប់តាំងពីអង់គ្លេស​ចាកចេញពីសហភាពអឺរ៉ុប​កាលពីឆ្នាំ ២០២១ ប្រទេស​ថៃ​បាន​ពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ចជាមួយ​មហាអំណាចមួយនេះជាខ្លាំង ពោលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើត Jetco កាលពីឆ្នាំមុន ក្នុងគោលបំណងជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

បន្ថែមពីនោះ កាលពីឆ្នាំ ២០២២ អង់គ្លេសគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ២២ របស់ប្រទេសថៃ ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង ២ កើនឡើងដល់ ៦,២ពាន់លានដុល្លារ ច្រើនជាងឆ្នាំ​មុនៗ ១២,៣%៕