រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិកសង្ឃឹមថា ដំណើរទស្សនកិច្ចទៅចិនអាចរឹតចំណងមិត្តភាពឡើងវិញ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានបង្ហាញក្ដីរំពឹងថា ដំណើរទស្សនកិច្ចរបស់​លោកស្រី ទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ នឹងអាច​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលក្រុងប៉េកាំងឡើងវិញ ក្រោយទទួលស្គាល់ថា កន្លងមក​ប្រទេស​ទាំង ២ ធ្លាប់មានភាពល្អក់កករជាមួយគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MSNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការស្រង់សម្ដី​របស់​លោកស្រី Yellen ពីសារព័ត៌មានអាមេរិក​បាន​ឲ្យដឹងថា៖ ក្ដីរំពឹងរបស់​ខ្ញុំសម្រាប់​ដំណើរទស្សនកិច្ចទៅចិន គឺបង្កើតទំនាក់ទំនងឡើងវិញ ព្រោះ​បច្ចុប្បន្ន​ក្រុម​ថ្នាក់ដឹកនាំមានការផ្លាស់ប្ដូរ ដូច្នេះពួកយើងត្រូវតែស្គាល់គ្នាទៅវិញទៅមក។ ពួកយើងក៏​ត្រូវ​ពិភាក្សា​ពី​ការ​ខ្វែង​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ និងយល់​ខុស​ពី​ចេតនា​របស់ភាគីទាំងសងខាងផងដែរ។

យ៉ាងណា រដ្ឋមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ​មិនបានបញ្ជាក់លំអិត​ពី​ពេលវេលានៃដំណើរទស្សន​កិច្ចឡើយ ប៉ុន្តែកាលពីសប្ដាហ៍មុនសារព័ត៌មាន Bloomberg ធ្លាប់រាយការណ៍ថា លោកស្រីគ្រោងនឹងនៅទីនោះនាដើមខែកក្កដា សម្រាប់កិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ជាលើកដំបូងជាមួយសមភាគីចិនថ្មី។

សូមជម្រាបដែរថា បច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងចិនកំពុងមានភាពតានតឹង និងភាពទុទិដ្ឋិនិយមកាន់តែខ្លាំង ជុំវិញបញ្ហាសន្តិសុខជាតិ រួមទាំងតៃវ៉ាន់ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ការបង្កើនការហាមឃាត់ការនាំចេញ របស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្មដឹកនាំដោយរដ្ឋាភិបាលចិនជាដើម៕