យោងតាមក្រុមអ្នកវិភាគ បាននិយាយថា ការនាំចេញដែករបស់ប្រទេសចិន នៅឆ្នាំនេះ ទំនងជាមានការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៦ មក ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រាក់យ៉ន់ និងតម្លៃមានការប្រកួតប្រជែង ជួយឱ្យក្រុមហ៊ុនផលិតដែកទទួលបានតម្រូវការច្រើន។ នេះបើតាមការចុះផ្សាយពី Reuters ។
គួរឱ្យដឹងថា ឧស្សាហកម្មដែកនៅក្នុងប្រទេសចិន បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយសារតែការធ្លាក់ចុះនៃវិស័យអចលនទ្រព្យអស់រយ:ពេលជាច្រើនខែ ដែលជាហេតុធ្វើឱ្យតម្លៃដែកធ្លាក់ចុះដល់កម្រិតទាបបំផុត រយ:ពេលបីឆ្នាំចុងក្រោយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែមានតម្រូវការខ្លាំង ដែលភាគច្រើនមកពីតំបន់អាស៊ី និងអាហ្រ្វិក កំពុងជួយឱ្យក្រុមហ៊ុនផលិតដែករបស់ចិន អាចបន្តរក្សាអាជីវកម្មរបស់ខ្លួន និងអនុញ្ញាតឱ្យរោងចក្រចម្រាញ់ នៅតែបន្តប្រតិបត្តិការរបស់ពួកគេបន្ថែម ។
ការនាំចេញដែកថែប ក្នុងរយ:ពេល ៥ ខែដំបូងឆ្នាំនេះ បានកើនឡើង ៤១% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យគយបានបង្ហាញ ។
មិនតែប៉ុណ្ណោះ យោងតាមអ្នកវិភាគ ក៏បានបង្ហាញឱ្យដឹងទៀតថាផងដែរថា ការនាំចេញដែកសម្រាប់ឆ្នាំ ២០២៣ នេះទាំងមូល រំពឹងថាអាចនឹងមានបរិមាណសរុប ៧៧ លានតោន ពោលគឺនឹងលើស ពីចំនួន ៦៧,៣៧ លានតោន ដែលបាននាំចេញកាលពីឆ្នាំមុន ។
ជម្រាបជូនផងដែរថា ការកើនឡើងនៃការនាំចេញនេះ គឺដោយសារតែមានតម្រូវការខ្លាំង ពីតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្វ្រិក។ ហើយមិនតែប៉ុណ្ណោះ ដោយសារតែការចំណាយទៅលើថ្លៃថាមពលខ្ពស់ នៅក្នុងប្រទេសជាច្រើន ធ្វើឱ្យការផលិតដែក មិនសូវមានការប្រកួតប្រជែង ជាមួយនឹងតម្លៃដែករបស់ប្រទេសចិន ៕