អតីតអនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីអាមេរិក Mike Pence បានធ្វើដំណើរទស្សនកិច្ចស្ងាត់ៗ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ Volodymyr Zelenskyy កាលពីថ្ងៃទី ២៩ មិថុនាកន្លងទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Pence គឺជាបេក្ខភាពប្រធានាធិបតីដំបូងគេ របស់គណបក្សសាធារណរដ្ឋ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយលោក Zelenskyy អំឡុងពេលឃោសនារកសន្លឹកឆ្នោត។

ក្រោយពីបានជួបជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន អតីតអនុប្រធានាធិបតីអាមេរិកនិយាយថា៖ សេរីភាពកំពុងទទួលបានជ័យជំនះ ហើយពេលនេះគឺសំខាន់បំផុតដែលយើងត្រូវរក្សាជំនឿចិត្ត ជាមួយអ្នកប្រយុទ្ធប្រឆាំងនឹងសង្គ្រាម ដែលកំពុងតវ៉ាទាមទារសេរីភាព និងវាយបកលើការឈ្លានពានពីរុស្ស៊ី។
សូមជម្រាបដែរថា បេក្ខភាពប្រធានាធិបតីរូបនេះ ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង និងភូមិចំនួនបីនៅជិតទីក្រុងគៀវ គឺ Bucha, Irpin និង Moschun ដើម្បីមើលការបំផ្លិចបំផ្លាញ ពីការបាញ់ផ្លោងរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយកាលពីខែកុម្ភៈឆ្នាំមុន។ នេះបើយោងតាម CNN៕