យោងតាមប្រភពពីប្រព័ន្ធបណ្ដាញសង្គមចិនបានបង្ហាញថា មហាសេដ្ឋីបារាំង Bernard Arnault កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនយ៉ាងមមាញឹក ពោលកាលពីថ្ងៃទី ២៧ បានទៅទីក្រុងប៉េកាំង ថ្ងៃទី ២៨ ទៅទីក្រុង Chengdu និងថ្ងៃទី ២៩ នៅទីក្រុងសៀងហៃ ហើយនឹងបន្តទៅកាន់ទីក្រុងហុងកុងនាថ្ងៃសុក្រនេះ។

ចំពោះការមកដល់ប្រទេសចិននាថ្ងៃទីមួយ មានគេប្រទះឃើញលោកកំពុងដើរផ្សារទំនើប WF Central ជាមួយនឹងកូនប្រុសស្រី ហើយប្រជាជនចិន រួមទាំងម្ចាស់ហាងដែលលក់ទំនិញក្នុងផ្សារ បានបង្ហោះសារលើបណ្ដាញសង្គមចិន ដោយប្រដូចលោកទៅនឹង “ទេវតាទ្រព្យ”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo។

ប្រភពដដែលបន្ថែមថា ប្រជាជនចិនលើកឡើងបែបនេះ ដោយសារភាពរួសរាយរាក់ទាក់របស់លោក ពោលបើទោះជាពេលវេលារៀងខើចបន្តិច តែមហាសេដ្ឋីបារាំងរូបនេះនៅតែឆ្លៀតចូលសួរសុខទុក្ខស្ទើរគ្រប់សាខានៃហាងលក់ទំនិញរាយរបស់ក្រុមហ៊ុន LVMH នៅទីក្រុងដែលលោកបានទៅទស្សនា។

គួររំលឹកដែរថា ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមហ៊ុនសម្ភារៈប្រណីត LVMH ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃទីផ្សារប្រទេសចិន និងជំរុញទឹកចិត្តក្រុមការងារ។
ជម្រាបបន្ថែមថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុងព្យាយាមអូសទាញវិនិយោគិនខ្នាតយក្សជាច្រើន មកបណ្ដាក់ទុនក្នុងស្រុក ពោលគេសង្កេតឃើញថា មួយរយៈកាលចុងក្រោយវត្តមានបុគ្គលល្បីៗដូចជា មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិធនាគារ JP Morgan លោក Jamie Dimon និងមហាសេដ្ឋីបារាំង Bernard Arnault សុទ្ធតែនាំគ្នាមកបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក បានបើកច្រកព្រំដែនឡើងវិញកាលពីខែធ្នូឆ្នាំទៅ៕