ក្រុមហ៊ុន Foxconn ត្រៀមចាយលុយជាង ២៤០លានដុល្លារ វិនិយោគនៅវៀតណាមបន្ថែម

អន្តរជាតិ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ដែលមានកុងត្រាធំបំផុតលើលោក Foxconn ទទួល​បាន​ការ​អនុញ្ញាត​ពីរដ្ឋាភិបាលវៀតណាម សម្រាប់ការបណ្ដាក់ទុន ២៤៦លានដុល្លារ ទៅលើគម្រោង​ការណ៍​ថ្មីស្រឡាង ២ នៅខេត្ត Quang Ninh ប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ទឹកប្រាក់ប្រហែល ២០០លានដុល្លារ នឹងវិនិយោគលើរោងចក្រផលិតឆ្នាំងសាក​រថយន្តអគ្គិសនី និងគ្រឿងបន្លាស់ផ្សេងៗ ខណៈ​កាលបរិច្ឆេទ​ផលិត នឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០២៥ ជាមួយកម្លាំងពលកម្ម ១ ២០០នាក់។

រីឯទឹកប្រាក់ ៤៦លានដុល្លារទៀត គឺសម្រាប់រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងទូរគមនាគមន៍ ដែលគ្រោងនឹងចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៤។

ជម្រាបបន្ថែមថា គ្រោងការណ៍ទាំង ២នេះ នឹងបន្ថែមទឹកប្រាក់ រហូតដល់ ៣ពាន់លានដុល្លារ ដែលក្រុមហ៊ុន Foxconn បានវិនិយោគនៅវៀតណាម រយៈពេលជិត ២ទសវត្សមកនេះ ខណៈ​បច្ចុប្បន្ន Foxconn កំពុងផ្ដោតសំខាន់​លើ​ការ​ផលិត និងដំឡើងទូរគមនាគមន៍ ក៏ដូចជា​គ្រឿងបន្លាស់រថយន្តអគ្គិសនី នៅប្រទេសវៀតណាម៕