កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សចិន Trip.com Group បានប្រកាសថា នឹងចាយលុយរហូតដល់ ៥០ ០០០យ៉ន់ ឬប្រហែល ៦ ៩០០ដុល្លារ លើកទឹកចិត្តដល់បុគ្គលិកក្នុងការយកកូន ចាប់ពីថ្ងៃទី ០១ កក្កដានេះតទៅ បន្ទាប់ពីចិនកំពុងជួបហានិភ័យអត្រាកំណើតមានទាប។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ក្រុមហ៊ុនផ្ដល់សេវាកម្មទេសចរណ៍ ដែលមានអ្នកប្រើប្រាស់ ៤០០លាននាក់ សន្យាផ្ដល់ប្រាក់ចិញ្ចឹមកូនដល់បុគ្គលិក ១០ ០០០យ៉ន់ជារៀងរាល់ឆ្នាំ រយៈពេល ៥ឆ្នាំ សម្រាប់បុគ្គលិករបស់ខ្លួនទូទាំងពិភពលោក ខណៈផែនការនេះត្រូវបានគេរំពឹងថា នឹងចាយលុយប្រហែល ១ពាន់លានយ៉ន់។

សូមជម្រាបដែរថា អត្រាកំណើនៅប្រទេសចិនបានធ្លាក់ចុះពីកម្រិត ៧,៥២ កាលពីឆ្នាំ ២០២១ មកនៅត្រឹមកម្រិត ៦,៧៧ សម្រាប់មនុស្ស ១ ០០០នាក់ កាលពីឆ្នាំមុន ខណៈនេះគឺជាចំណុចទាបបំផុតមិនធ្លាប់មាន។
រំលឹកដែរថា តាំងពីរំសាយគោលនយោបាយ “គ្រួសារមួយ កូនមួយ” កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យគ្រួសារយកកូនយ៉ាងច្រើន ៣នាក់ផងដែរ ប៉ុន្តែដោយសារសេដ្ឋកិច្ចប្រជាជនមិនមានលំនឹង ដូច្នេះប្រជាជនមួយចំនួនធំមានការបារម្ភចំពោះការយកកូន៕