ឥណ្ឌូនេស៊ី បានធ្វើការបញ្ជាទិញប្រព័ន្ធរ៉ាដាយោធារយ:ចម្ងាយឆ្ងាយចំនួន ១៣គ្រឿង ពីក្រុមហ៊ុន Thales របស់ប្រទេសបាំង ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារដែនអាកាស នៅទូទាំងប្រជុំកោះទាំងមូលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
ឧត្តមសេនីយទោ Edwin Adrian Sumantha ប្រធានការិយាល័យទំនាក់ទំនងសាធារណ:នៃក្រសួងការពារជាតិឥណ្ឌូនេស៊ី បាននិយាយថាប្រទេសខ្លួន បានទិញយករ៉ាដាប្រភេទ GM403 ចំនួន ១៣ គ្រឿង នៅក្នុងតម្លៃប្រមាណ ៣៤៥លានអឺរ៉ូ (៣៧៤លានដុល្លារ)។
ជាមួយនឹងរ៉ាដាប្រភេទ GM403 នេះ នឹងជួយឱ្យយោធាឥណ្ឌូនេស៊ី ទទួលបានអត្ថប្រយោជន៍ច្រើនពីការចាប់យករូបភាពពីដែនអាកាស ដែលរួមបញ្ចូលទាំងការទប់ស្កាត់ការគំរាមកំហែងគ្រប់ប្រភេទ រាប់ចាប់តាំងពីយន្តហោះចម្បាំង និងមីស៊ីល រហូតដល់ឧទ្ធម្ភាគចក្រ និងដ្រូនផងដែរ ។
គួរឱ្យដឹងផងដែរថាកិច្ចសន្យាទិញនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនបារាំង Thales និងក្រុមហ៊ុនការពារជាតិរបស់ឥណ្ឌូនេស៊ី PL Len Industri ដោយកិច្ចសន្យានេះមានរយ:ពេលជាច្រើនឆ្នាំ ខណ:ក៏មានការធានាដល់ទៅ ៣៦ខែផងដែរ ។
ជម្រាបជូនទៀតថា បើតាមក្រុមហ៊ុនបារាំងខាងលើ បានបង្ហាញឱ្យដឹងទៀតថា រ៉ាដា Thales GM403 របស់ខ្លួន អាចមានសមត្ថភាពចាប់យករូបភាពបានចម្ងាយរហូតដល់ទៅ ៤៥០ គីឡូម៉ែត្រឯណោះ ៕