លោកស្រី Traisuree Taisaranakul អ្នកនាំយកពាក្យរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជួយឱ្យប្រទេសរបស់ខ្លួន សម្រេចបាននូវគោលដៅក្នុងការទទួលភ្ញៀវទេសចរបរទេសចំនួន ២៥ លាននាក់ នៅឆ្នាំនេះ។
លោកស្រី Traisuree បាននិយាយទៀតថា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យទិដ្ឋាការថ្មី (VPSS) ដោយអាជ្ញាធរទេសចរណ៍ថៃ (TAT) និងក្រសួងការបរទេស នៅក្នុងខែនេះ អាចនឹងជួយឱ្យប្រទេសរបស់ខ្លួន សម្រេចបាននូវគោលដៅខាងលើ ដោយសារតែវាអាចពន្លឿនដល់ការស្នើសុំទិដ្ឋាការរបស់ភ្ញៀវបរទេស បានមួយកម្រិតទៀត។
បើតាមទិន្នន័យពី TAT បានបង្ហាញថា គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ភ្ញៀវទេសចរបរទេស ដែលចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ មានចំនួន ១២,៤៦ លាននាក់ ពោលគឺបានកើនឡើងដល់ ៥៣៩% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។
ហើយមិនតែប៉ុណ្ណោះ ចំពោះភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរមកកាន់ប្រទេសថៃច្រើនជាងគេ មានដូចជា ម៉ាឡេស៊ី (១,៩៨ លាននាក់) , ចិន (១,៣៨ លាននាក់) , រុស្ស៊ី (៧៨៤ ០០០ នាក់) , កូរ៉េខាងត្បូង (៧៤១ ០០ នាក់) និងឥណ្ឌា (៧៣២ ០០០ នាក់) ។
ជាងនេះទៅទៀត លោកស្រី Traisuree បាននិយាយថា យោងតាមការប៉ាន់ស្មានរបស់ TAT ចំនួនភ្ញៀវទេសចរបរទេស ដែលមកដល់ប្រទេសថៃ អាចនឹងបំពេញតាមគោលដៅចំនួន ២៥ លាននាក់ រួមទាំង ៥ លាននាក់ មកពីប្រទេសចិន ផងដែរ ៕