កាលពីពេលថ្មីៗនេះ មហាសេដ្ឋីចិន Jack Ma បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីលោកចាកចេញពីប្រទេសនេប៉ាល់ ខណៈគោលបំណងនៃការបំពេញទស្សនកិច្ចមួយនេះ គឺមិនបានបង្ហើបប្រាប់ឲ្យដឹងជាសាធារណៈឡើយ។

អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន សហស្ថាបនិកក្រុមហ៊ុន Alibaba ត្រូវបានហាមប្រាមមិនឲ្យជួបជាមួយមន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឡើយ ហើយលោកត្រូវបានដាក់ឲ្យរស់នៅទីតាំងឯកជនមួយកន្លែង រហូតដល់ថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី ៣០ ខែមិថុនា។ នេះបើតាមការចុះផ្សាយពី Express Tribune។
ទន្ទឹមនឹងនោះ លោក Muhammad Azfar Ahsan អតីតប្រធានក្រុមប្រឹក្សាភិបាលវិនិយោគ បានបង្ហើបថា ទោះបីជាគោលបំណងពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់លោក Jack Ma នៅតែមិនបង្ហាញក៏ដោយ ប៉ុន្តែក៏នៅតែមានការទស្សន៍ទាយសុទិដ្ឋិនិយមថា វានឹងផ្តល់លទ្ធផលវិជ្ជមានសម្រាប់ប៉ាគីស្ថាននៅថ្ងៃខាងមុខ។
សូមជម្រាបដែរថា ចំពោះដំណើរទស្សនកិច្ចរបស់មហាសេដ្ឋីចិន Jack Ma ទៅកាន់ប៉ាគីស្ថាន បានផ្ដល់ក្ដីសង្ឃឹមខ្ពស់ថា នឹងបង្កើតបានឱកាសអាជីវកម្មជាច្រើននៅទីនោះ រួមទាំងការទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្ម ការជួបប្រជុះជាមួយពាណិជ្ជករធំៗ និងមន្ត្រីនានាពីក្រសួងពាណិជ្ជកម្មជាដើម។
ប៉ុន្តែទោះយ៉ាងណា មកទល់នឹងពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬកិច្ចប្រជុំជាក់លាក់ណាមួយឡើយ៕