មួយឆមាសតំបូងនៃឆ្នាំ ២០២៣នេះ អាចនិយាយបានថាជាពេលវេលាល្អបំផុត សម្រាប់ក្រុមមហាសេដ្ឋីពិភពលោក ពោលទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោក ៥០០រូប មានការកើនឡើងប្រហែល ៨៥២ពាន់លានដុល្លារ រយៈពេលកន្លះឆ្នាំនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ជាមធ្យមមហាសេដ្ឋីដែលមានឈ្មោះក្នុងបញ្ជី Bloomberg Billionaires Index បានកើបលុយ ១៤លានដុល្លារក្នុងមួយថ្ងៃ រយៈពេល ៦ខែមកនេះ។
មូលហេតុដែលធ្វើឲ្យក្រុមអ្នកមានកើនទ្រព្យសម្បត្តិច្រើនបែបនេះ គឺដោយសារទីផ្សារហ៊ុនធំៗមានសន្ទុះល្អខ្លាំង តួយ៉ាង The S&P 500 កើនឡើង ១៦% ស្របពេល Nasdaq 100 កើនឡើង ៣៩% គួបផ្សំវិស័យបច្ចេកវិទ្យា AI កំពុងត្រូវប៉ាន់ផង ធ្វើឲ្យវិនិយោគិនដែលបណ្ដាក់ទុនលើវិស័យមួយនេះទទួលបានផលចំណេញយ៉ាងក្រាស់ក្រែល។

ក្នុងនោះ មហាសេដ្ឋីដែលកើនទ្រព្យច្រើនបំផុតគឺ ប្រធានក្រុមហ៊ុន Tesla លោក Elon Musk សំងំកើបលុយបាន ៩៦,៦ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានបំផុតលើលោក ខណៈស្ថាបនិក Facebook ក៏កើនទ្រព្យសម្បត្តិបានប្រហែល ៥៩ពាន់លានដុល្លារផងដែរ។

ចំណែកឯមហាសេដ្ឋីដែលទទួលការខាតបង់ខ្លាំងបំផុតគឺ ប្រធានក្រុមហ៊ុន Adani Group លោក Gautam Adani ដែលរបូតលុយអស់រហូតដល់ ៦០,២ពាន់លានដុល្លារ៕