កាលពីថ្ងៃទី ០៣ ខែកក្កដាកន្លងទៅ ប្រមុខការទូតចិន Wang Yi បានទទូចសុំឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង រវាងមហាអំណាចអាស៊ី ៣ គឺ ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រភពដដែលបន្ថែមថា រដ្ឋមន្ត្រីជាន់ខ្ពស់ចិនរូបនេះបានស្នើឲ្យមានការបញ្ជាក់ឲ្យច្បាស់ ពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំង ៣ ឡើងវិញ ដើម្បីទប់ស្កាត់ពី “ការគម្រាមកំហែង និងត្រួតត្រា” ពីមហាអំណាចផ្សេង ខណៈការលើកឡើងបែបនេះ គឺចិនមានបំណងសំដៅទៅអាមេរិក។
លោក Wang Yi ក៏បានសង្កត់ធ្ងន់ទៀតថា ប្រទេសទាំង ៣ ត្រូវតែ “បង្កើនស្វ័យភាពជាយុទ្ធសាស្រ្ត រក្សាឯកភាព និងស្ថិរភាពក្នុងតំបន់ ទប់ទល់នឹងការវិលត្រឡប់មកវិញនៃចិត្តគំនិតសង្រ្គាមត្រជាក់ និងរួចផុតពីការបង្ខិតបង្ខំនៃការគំរាមកំហែង និងការត្រួតត្រា”។
សូមជម្រាបដែរថា ការលើកឡើងរបស់ប្រមុខការទូតចិនធ្វើឡើង បន្ទាប់ពីអាមេរិកព្យាយាមរឹតចំណងមិត្តភាពជាមួយជប៉ុន និងកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ចិន ស្របពេលបច្ចុប្បន្នទំនាក់ទំនងរវាងចិន និងអាមេរិកក៏ស្ថិតក្នុងសភាពមិនសូវជាល្អប៉ុន្មានឡើយ៕