រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng កាលពីថ្ងៃច័ន្ទ មុនត្រូវបំពេញទស្សនកិច្ចទៅកាន់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោកនាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពី VOA។

ក្រសួងរតនាគារអាមេរិកក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ ការពិភាក្សាដោយស្មោះត្រង់ និងប្រកបដោយផលិតភាព បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន ប្រកបដោយការទទួលខុសត្រូវ។
គួររំលឹកដែរថា បញ្ហាការគ្រប់គ្រងទំនាក់ទំនង ធ្វើការលើបញ្ហាផលប្រយោជន៍ទៅវិញទៅមក និងការធានាភាពតានតឹងមិនប្រែទៅជាជម្លោះ គឺជាប្រធានបទសំខាន់ នៃកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិន Xie Feng និងលោកស្រី Yellen ក្រសួងរតនាគារអាមេរិកនិយាយថា៖ លោកស្រី Yellen បានលើកឡើងពីប និងបានបង្ហាញពីបញ្ហានៃការព្រួយបារម្ភ ចំពោះការធ្វើការរួមគ្នារបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ លើបញ្ហាប្រឈមជាសកល រួមទាំងបញ្ហាម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
សូមជម្រាបដែរថា លោកស្រី Janet Yellen នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ៣ថ្ងៃ ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែកក្កដា ដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ចិន ខណៈកិច្ចប្រជុំមួយនេះត្រូវបានគេរំពឹងថា មិនទទួលបានលទ្ធផលជាដុំកំភួនឡើយ៕