ក្រុមហ៊ុនគ្រឿងអលង្ការរុស្ស៊ី ចាប់ផ្តើមបើកដំណើរការហាងដំបូងរបស់ខ្លួន ក្នុងប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនគ្រឿងអលង្ការរបស់រុស្ស៊ី Sokolov បានប្រកាសបើកដំណើរការហាងដំបូងរបស់ខ្លួន នៅក្នុងប្រទេសចិន នៅថ្ងៃអង្គារនេះ ស្របតាមផែនការ ដែលខ្លួនបានគ្រោងទុក នៅក្នុងទីផ្សារអាស៊ី ចំពេលការហក់ចូលទៅកាន់ទីផ្សារលោកខាងលិច កំពុងធ្លាក់ចុះខ្លាំង។ នេះបើតាមការចុះផ្សាយពី CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Sokolov ធ្លាប់មានគម្រោង ក្នុងការបើកបណ្តាញហាងលក់រាយរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមុន ប៉ុន្តែពួកគេបានប្តូរចិត្តវិញ បន្ទាប់ពីប្រទេសលោកខាងលិច បានព្យាយាមគេចចេញពីរុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ:ឆ្នាំមុនមក។

យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន Sokolov បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ហាងទីមួយ នៅក្នុងផ្សារទំនើបទីក្រុងសៀងហៃ គឺជាផ្នែកដំបូងមួយនៃគម្រោងបើកហាងសាកល្បងចំនួន ៣ នៅក្នុងប្រទេសចិន។ ខណ:ហាងដំបូងនេះផងដែរ នឹងធ្វើឱ្យ Sokolov ក្លាយជាក្រុមហ៊ុនលក់គ្រឿអលង្ការរុស្ស៊ី ដំបូងគេ ដែលបានចូលទៅក្នុងទីផ្សារ នៅក្នុងប្រទេសចិន ។

មិនតែប៉ុណ្ណោះ Sokolov បាននិយាយទៀតថា ប្រសិនបើហាងរបស់ខ្លួនទទួលបានភាពជោគជ័យ នោះក្រុមហ៊ុន គ្រោងនឹងបន្តបើកហាងចន្លោះពី ៣០ ទៅ ៥០ ផ្សេងទៀត នៅក្នុងប្រទេសចិន សម្រាប់រយ:ពេល ២ ទៅ ៣ ឆ្នាំខាងមុខ៕