នាថ្ងៃទី ០៥ ខែកក្កដានេះ លោក William Lai បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ដែលកំពុងទទួលបានការគាំទ្រខ្លាំង បានប្រាប់ទៅកាន់សារព័ត៌មាន Wall Street Journal ថា លោកអាចរក្សាសន្តិភាពជាមួយប្រទេសចិនបាន បើសិនជាលោកជាប់ឆ្នោត។

បេក្ខភាព និងជាអនុប្រធានាធិបតីតៃវ៉ាន់ម្នាក់នេះ គឺកំពុងតំណាងឲ្យគណបក្សប្រជាធិបតេយ្យរីកចម្រើន (DPP) កំពុងទទួលបានសម្លេងគាំទ្រភាគច្រើន ផ្អែកតាមការស្ទង់មតិ មុនការបោះឆ្នោតនាខែមករាខាងមុខ ស្របពេលប្រធានាធិបតី Tsai Ing-wen មិនអាចឈរឈ្មោះម្តងទៀតបានទេ បន្ទាប់ពីកាន់តំណែងពីរអាណត្តិ។

នៅក្នុងអត្ថបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានការប្រឈមផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិន រួមទាំងការលុកលុយតាមអាកាសស្ទើរតែរាល់ថ្ងៃរបស់ចិននៅជិតកោះនេះក៏ដោយ ក៏អាទិភាពកំពូលរបស់លោកនៅតែមានលក្ខណៈជាក់ស្តែង និងស្ថិរភាព។
អនុប្រធានាធិបតីវ័យ ៦៣ឆ្នាំរូបនេះនិយាយថា៖ ខ្ញុំនឹងគាំទ្រចំពោះគោលនយោបាយឆ្លងសមុទ្រ ដែលវានឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ទាំងសាធារណរដ្ឋចិន ដូចជាតៃវ៉ាន់ត្រូវបានគេស្គាល់ជាផ្លូវការ និងសហគមន៍អន្តរជាតិ។ ខ្ញុំនឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយដៃគូ និងសម្ព័ន្ធមិត្ត ជាពិសេសក្នុងការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធកម្លាំង ការការពារស៊ីវិល និងការចែករំលែកព័ត៌មាន។

សូមជម្រាបដែរថា បើទោះជាលោក Lai អះអាងថាអាចរក្សាសន្តិភាពជាមួយចិនក៏ពិតមែន ប៉ុន្តែកាលពីឆ្នាំ ២០១៨ លោកធ្លាប់ធ្វើឲ្យចិនមានការខឹងសម្បារជាខ្លាំង អំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលគ្រានោះលោកបានបង្ហាញជំហរថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យអធិបតេយ្យភាព ខណៈការលើកឡើងបែបនេះ គឺជាជ្រុងរសើបបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង៕