កាលពីថ្ងៃទី ០៤ ខែកក្កដាកន្លងទៅ ចៅក្រមអាមេរិកម្នាក់បានដាក់កម្រិតហាមមិនឲ្យភ្នាក់ងារ និងមន្ត្រីនៃរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ពីការជួបប្រជុំ និងទាក់ទងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើតាមការចុះផ្សាយពី CNA។
ដីកាសម្រេចនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងបណ្តឹង ដែលនាំមកដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Louisiana និង Missouri ដែលបានចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើហួសហេតុពេក ក្នុងកិច្ចខិតខំប្រឹងប្រែងលើកទឹកចិត្តដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដោះស្រាយការបង្ហោះ ដែលពួកគេព្រួយបារម្ភថា អាចរួមចំណែកដល់ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង អំឡុងពេលជំងឺរាតត្បាត COVID-19 ឬបន្តការបោះឆ្នោត។
សេចក្ដីសម្រេចមួយនេះក៏បានសង្កត់ធ្ងន់ថា ភ្នាក់ងាររដ្ឋាភិបាលដូចជានាយកដ្ឋានសុខភាព សេវាមនុស្ស និង FBI មិនអាចនិយាយទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងគោលបំណង “ជំរុញ លើកទឹកចិត្ត ដាក់សម្ពាធ ឬជំរុញក្នុងគ្រប់រូបភាពនៃការដកចេញ ការលុប ការគាបសង្កត់ ការកាត់បន្ថយមាតិកានានា និងការការពារនូវសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ” ក្រោមឃ្លានិយាយដោយសេរីនៃវិសោធនកម្មទីមួយចំពោះរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
យ៉ាងណា ពីខាងសេតវិមានក៏បានចេញមុខបកស្រាយដែរថា ក្រសួងយុត្តិធម៌កំពុងពិនិត្យឡើងវិញពីសេចក្ដីសម្រេចខាងលើ ហើយនឹងធ្វើការវាយតម្លៃតាមក្រោយ៕