ក្រុមហ៊ុនផលិតយានយន្តចិន BYD បានប្រកាសកាលពីថ្ងៃទី ០៤ ខែកក្កដាថា ពួកគេនឹងវិនិយោគទឹកប្រាក់ប្រហែល ៦២០,១៧លានដុល្លារ នៅក្នុងបរិវេណឧស្សាហកម្មថ្មីមួយ នៅភាគឦសានប្រទេសប្រេស៊ីល ដោយសារតែមានគោលបំណងជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្តល់ជូននូវតម្លៃប្រកួតប្រជែងកាន់តែច្រើន។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គម្រោងឧស្សាហកម្មមួយនេះ នឹងមានរោងចក្រចំនួន ៣ សាងសង់នៅតំបន់ឧស្សាហកម្ម Camacari នៅរដ្ឋ Bahia ភាគឦសាន ជាដីដែលធ្លាប់គ្រប់គ្រងដោយក្រុមហ៊ុន Ford ប៉ុន្តែបានបិទអាជីវកម្មកាលពីឆ្នាំ ២០២១។
រំលឹកដែរថា សេចក្ដីប្រកាសមួយនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលប្រេស៊ីលស្នើឲ្យក្រុមហ៊ុន BYD សាងសង់មជ្ឈមណ្ឌលរថយន្តអគ្គិសនីថ្មី បន្ទាប់ពីក្រុមហ៊ុន Ford ប្រកាសបិទរោងចក្រនៅទីនោះ។

ជម្រាបបន្ថែមថា រោងចក្រក្រុមហ៊ុន BYD រំពឹងអាចដំណើរការនាពាក់កណ្ដាលឆ្នាំ ២០២៤ ខណៈរោងចក្រទីមួយផ្ដោតលើការផលិតរថយន្តក្រុង និងរថយន្តធន់ធ្ងន់អគ្គិសនី ស្របពេលរោងចក្រទីពីរផ្ដោតលើការផលិតរថយន្តអគ្គិសនី Hybrid ជាមួយគម្រោងផលិតបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ និងរោងចក្រទីបី ផលិតវត្ថុធាតុដើមសម្រាប់អាគុយរថយន្ត ទៅលក់លើទីផ្សារបរទេស៕