រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់ខ្លួន កំពុងប្រមុខជាមួយនឹងឧបសគ្គជាច្រើន ក្នុងការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ពី ៦% ទៅ ៦,៥% នៅឆ្នាំនេះ ដោយសារតែមូលដ្ឋានកំណើនទាប នៅក្នុងឆមាសទីមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បាននិយាយ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីពេលថ្មីៗនេះថា ដើម្បីអាចឈានដល់កំណើន GDP ៦% សម្រាប់ពេញមួយឆ្នាំនេះ សេដ្ឋកិច្ចចាំបាច់ត្រូវទទួលបានកំណើន ៨% នៅក្នុងឆមាសទីពីរ ។
ទន្ទឹមនឹងនេះ លោក Dung បានបន្ថែមទៀតថា ដើម្បីអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៦,៥% គឺត្រូវការកំណើនយ៉ាងហោចណាស់ ៨,៩% ក្នុងរយ:ពេល ៦ ខែចុងក្រោយ ឆ្នាំ ២០២៣ នេះ ជាចាំបាច់ ។
រដ្ឋមន្ត្រីរូបនេះ បានស្នើឡើងថា ស្ថាប័នរដ្ឋាភិបាល និងមូលដ្ឋាន ចាំបាច់ត្រូវតែដោះស្រាយបញ្ហានានា ដែលអាជីវកម្ម កំពុងប្រឈម ដើម្បីជួយជំរុញដល់ការផលិត ការប្រើប្រាស់ និងការនាំចេញ ។
មិនតែប៉ុណ្ណោះ លោក Dung បានសង្កត់ធ្ងន់ទៀតថា អាជ្ញាធរ ចាំបាច់ត្រូវដោះស្រាយបញ្ហា នៅក្នុងទីផ្សារអចលនទ្រព្យ ភាគហ៊ុន និងមូលបត្របំណុល ដើម្បីអាចធ្វើឱ្យពួកគេក្លាយបណ្តាញ ដែលអាចទុកចិត្តបាន សម្រាប់ការប្រមូលធន។
ជម្រាបជូនផងដែរថា ស្ថាប័នអន្តរជាតិជាច្រើន បានធ្វើការបន្ទាបការព្យាកររបស់ពួកគេ ទៅលើកំណើនសេដ្ឋកិច្ចរបស់វៀតណាម នៅឆ្នាំនេះ។ ខណ:មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាកររបស់ខ្លួន ទៅលើសេដ្ឋកិច្ចវៀតណាម ពី ៥,៨% ទៅ ៤,៧% នៅក្នុងរបាយការណ៍មួយ ដែលខ្លួនបានចេញផ្សាយកាលពីខែមុន។
ប៉ុន្តែទោះជាយ៉ាងនេះក្តី យោងតាមក្រសួងផែនការរបស់វៀតណាម បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួន ហាក់ដូចជាមានការស្ទុះងើបឡើងវិញ នៅក្នុងត្រីមាសទី២ នេះ៕