ក្រុមហ៊ុន Samsung Biologics ឈានដល់ការចុះកិច្ចព្រមព្រៀងតម្លៃជិត ១ពាន់លានដុល្លារ ជាមួយ Pfizer

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតឱសថ Samsung Biologics របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការប្រកាស អំពីកិច្ចព្រមព្រៀងធំៗចំនួនពីរ ជាមួយក្រុមហ៊ុន Pfizer ដែលមានតម្លៃសរុបប្រហែល ១,២ទ្រីលានវ៉ុន (៩២១,៣លានដុល្លារ) ដើម្បីផលិតឱសថផ្គត់ផ្គង់ដល់ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកិច្ចព្រមព្រៀងធំចុងក្រោយមួយនេះ នឹងឃើញក្រុមហ៊ុនផលិតឱសថ ដែលជាបុត្រសម្ព័ន្ធមួយរបស់ Samsung Group ចាប់ផ្តើមផលិតថ្នាំជាច្រើន ដោយរាប់ចាប់ពីថ្នាំប្រឆាំងទៅនឹងជំងឺមហារីក និងរលាក រហូតដល់ថ្នាំព្យាបាលដោយភាពស៊ាំ នៅរោងចក្រទី៤ របស់ខ្លួន ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។

យ៉ាងណាមិញ ក្រុមហ៊ុន Samsung Biologics បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំពោះកិច្ចព្រមព្រៀង ដែលទើបប្រកាសថ្មីនេះ រួមមានកិច្ចសន្យាថ្មី ក្នុងតម្លៃ ៩២២,៧ពាន់លានវ៉ុន ក៏ដូចជាកិច្ចសន្យាបញ្ជាទិញបន្ថែម ចំនួន ២៥៤,៣ពាន់លានវ៉ុន ដែលត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងចាស់ ដែលក្រុមហ៊ុនទាំងពីរ បានប្រកាសកាលពីក្នុងខែមីនា ផងដែរ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung Biologics បានបង្ហាញទៀតថា ចំពោះកិច្ចព្រមព្រៀងបញ្ជាទិញថ្មីនេះ គឺជាការពង្រីកភាពជាដៃគូយុទ្ធសាស្រ្តមួយ បន្ទាប់ពីខ្លួន ទទួលបានកិច្ចសន្យា ដែលមានតម្លៃសរុបរហូតដល់ទៅ ១,៩៣ទ្រីលានវ៉ុនរួចមកហើយ រហូតមកដល់ពេលនេះ ដែលជាចំនួនលើសពីឆ្នាំមុន។ ខណ:កាលពីដើមឆ្នាំនេះ Samsung Biologics ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថធំៗផ្សេងទៀត ដូចជា Eli Lilly Kinsale និង GlaxoSmithKline ផងដែរ ៕