ចាប់តាំងពីលុបចោលនូវវិធានការណ៍រឹតបន្តឹងកូវីដ ១៩ យ៉ាងតឹងរ៉ឹង កំណើនភ្ញៀវទេសចរណ៍នៅថៃ កំពុងមានសន្ទុះគួរឲ្យកត់សម្គាល់ ស្របពេលជាមួយគ្នានោះវាក៏បានធ្វើឲ្យមហាសេដ្ឋីថៃ Prasert Prasarttong-Osoth ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា មហាសេដ្ឋីថៃដែលធ្លាប់ជាគ្រូពេទ្យវះកាត់ម្នាក់នេះ គឺជាស្ថាបនិកក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងជាសហស្ថាបនិកក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលមានខ្សែសង្វាក់មន្ទីរពេទ្យឯកជនធំបំផុត របស់ប្រទេសមួយនេះទាក់ទងនឹងប្រាក់ចំណូល និងមូលធនទីផ្សារ។
ក្រោយមានសន្ទុះភ្ញៀវទេសចរណ៍បរទេសវិញ រាប់ទាំងអ្នកមកដើរកម្សាន្ត និងអ្នកមកព្យាបាលជំងឺផង បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Bangkok Airways កើនឡើងប្រហែល ៥៦% ខណៈតម្លៃភាគហ៊ុនរបស់ BDMS កើនបាន ១៩% បើធៀបនឹងឆ្នាំទៅ។

ដោយសារតម្លៃភាគហ៊ុនក្រុមហ៊ុនយក្សទាំង ២ របស់លោក Prasert កើនឡើង ដូច្នេះទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីថៃម្នាក់នេះ ក៏មានការកើនឡើងប្រមាណ ២៣% ដល់ទៅ ៣,៨ពាន់លានដុល្លារផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុន Bangkok Airways ទទួលបានប្រាក់ចំណូល ៥,៧៤ពាន់លានបាត ឬប្រមាណ ១៦៥លានដុល្លារ ច្រើនជាងឆ្នាំទៅរហូតដល់ ៣ដង ខណៈមន្ទីរពេទ្យឯកជនធំបំផុត BDMS កើនប្រាក់ចំណូល ៥% ប្រមាណ ២៤ពាន់លានបាត៕