កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនដែលរកស៊ីនៅលើវិស័យកកើតឡើងវិញ និងកំពុងវិនិយោគនៅលើរ៉ែចាស់ៗ ទទួលរងការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធមនុស្ស និងបរិស្ថានច្រើនជាង ១០០ករណី នៅ ១៨ប្រទេសតាំងពីឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រភពដដែលបន្ថែមថា មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ បានកត់ត្រាករណីរំលោភបំពានចំនួន ១០២ករណី ដែលប្រព្រឹត្តដោយក្រុមហ៊ុនចិន ពាក់ព័ន្ធនឹងការស្វែងរកធនធានរ៉ែអន្តរកាល នៅក្រៅប្រទេស ចន្លោះខែមករា ឆ្នាំ ២០២១ ដល់ខែធ្នូ ឆ្នាំ ២០២២ ហើយច្រើនជាងមួយភាគបួន ត្រូវបានចោទប្រកាន់ថា បានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ក្នុងចំណោមករណីចោទប្រកាន់សរុប នៃការរំលោភបំពាននៅទូទាំង ១៨ប្រទេសដោយក្រុមហ៊ុនចិន NGO បានរកឃើញមាន ២៧ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ១៦ករណីនៅប្រទេសប៉េរូ ១២ករណីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ១១ករណីនៅមីយ៉ាន់ម៉ា និង ៧ករណីនៅហ្ស៊ីមបាវ៉េ។

ប្រទេសចិនគ្រប់គ្រងលើការកែច្នៃ និងការចម្រាញ់សារធាតុរ៉ែ ដែលមានសារៈសំខាន់ចំពោះការផ្លាស់ប្តូរ ទៅជាសារធាតុកកើតឡើងវិញ ដែលរួមមានទង់ដែង នីកែល និងកូបល ហើយបានចាក់លុយវិនិយោគទៅក្នុងប្រទេសដែលសម្បូរធនធានទាំងនេះ ដូចជា ឥណ្ឌូនេស៊ី ប៉េរូ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
សូមជម្រាបដែរថា កន្លងមកចិនតែងតែត្រូវបានស្ដីបន្ទោស ជុំវិញការបំផ្លិចបំផ្លាញបរិស្ថាន និងរំលោភលើសិទ្ធកម្មករនៅប្រទេសឥណ្ឌូណេស៊ី ខណៈក្នុងចំណោមក្រុមហ៊ុនដែលរងការចោទប្រកាន់ ៣៩ក្រុមហ៊ុន មានតែ ៧ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចែងច្បាប់ពីសិទ្ធមនុស្ស៕