មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា អ្នកប្រើប្រាស់ប្រមាណ ១០ លាននាក់ហើយ ដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីថ្មីរបស់ខ្លួន ឈ្មោះថា Threads ដែលទើបតែនឹងដាក់ឱ្យដំណើរការត្រឹមតែប៉ុន្មានម៉ោងដំបូងប៉ុណ្ណោះ។
បើតាមការបង្ហោះជាផ្លូវការនៅលើផេករបស់លោក Zuckerberg បានបង្ហាញឱ្យដឹងថា Threads ជាកម្មវិធីថ្មីមួយរបស់ខ្លួន ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សាគណនីរបស់ខ្លួនពីកម្មវិធី Instagram និងរក្សាគោត្តនាមឱ្យនៅដដែល ខណ:កម្មវិធីថ្មីនេះ និងរួមបញ្ចូលទាំងមុខងារថ្មីៗដូចជា ការធ្វើបច្ចុប្បន្នភាពអត្ថបទ និងការសន្ទនាជាសាធារណ: ស្រដៀងទៅនឹង Twitter ដែរ ។
មិនតែប៉ុណ្ណោះ អ្នកជំនាញបាននិយាយថា Threads អាចនឹងក្លាយជាគូប្រជែងជាមួយ Twitter ក្រោយប្រធានក្រុមហ៊ុន Twitter លោក Elon Musk បានធ្វើឱ្យមានការរិះគន់ជាច្រើន តាមរយ:កំណែទម្រង់ថ្មី ចំពោះការដាក់កម្រិតបណ្តោះអាសន្នទៅលើចំនួននៃការបង្ហោះ ដែលអ្នកប្រើប្រាស់ អាចមើលបាន នៅលើបណ្តាញទំនាក់ទំនងសង្គមមួយនេះ ។
យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា Threads អាចនឹងក្លាយជាកម្មវិធីធំជាង Twitter ដែរឬទេ ខណ:លោក Zuckerberg បាននិយាយថា ៖ ” វានឹងចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថាយើងគួរតែមានកម្មវិធីសន្ទនាសាធារណ:មួយ ដែលអាចឱ្យមនុស្សច្រើនជាង ១ ពាន់លាននាក់ ប្រើប្រាស់វា ” ។
ជម្រាបជូនផងដែរថា ចំពោះការមកដល់របស់ Threads នេះ គឺបានកើតឡើង បន្ទាប់ពីលោក Zuckerberg និងលោក Musk បានធ្វើការឌឺដងគ្នាអស់ជាច្រើនខែមកហើយ និងថែមទាំងបានណាត់វាយគ្នា នៅក្នុងការប្រកួតក្បាច់គុនចម្រុះក្នុងទ្រុង ថែមទៀតផង ៕