រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen គ្រោងជួបជាមួយនាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រនេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធុរកិច្ចគ្រាក់ៗជាច្រើនរូបនៅទីក្រុងប៉េកាំង។

យោងតាមការចុះផ្សាយពីគេហទំព័រ Yahoo បានបង្ហាញថា ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោកស្រី Yellen គឺជាការធ្វើដំណើរលើកដំបូងរបស់លោកស្រី ទៅកាន់ប្រទេសចិនក្នុងតំណែងជាប្រធានរតនាគារ ខណៈលោកស្រីគឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទីពីរដែលបានធ្វើទស្សនកិច្ចនាពេលថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Antony Blinken កាលពីខែមុន។
ប្រភពដដែលបន្ថែមថា កាលពីព្រឹកថ្ងៃសុក្រនេះ លោកស្រី Yellen មាន “កិច្ចសន្ទនាសំខាន់” ជាមួយអតីតឧបនាយករដ្ឋមន្ត្រីចិន Liu He និងទេសាភិបាលធនាគារកណ្តាលចិន លោក Yi Gang ផងដែរ។

សូមជម្រាបបន្ថែមថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរតនាអាមេរិក Janet Yellen និងនាយករដ្ឋមន្ត្រីចិន Li Qiang នារសៀលថ្ងៃសុក្រ នឹងធ្វើឡើងនៅអគាររដ្ឋ Great Hall of the People ខណៈវានឹងក្លាយជាឱកាសសម្រាប់ជជែកគ្នាពីទំនាក់ទំនងសេដ្ឋកិច្ច ក្ដីបារម្ភ និងស្វែងរកឱកាសបន្ថែម សម្រាប់កិច្ចសហប្រតិបត្តិការរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២ លើលោក៕