អាជ្ញាធរចិន ទំនងអាចប្រកាសពីការផាកពិន័យយ៉ាងតិច ៨ពាន់លានយ៉ន់ ឬប្រមាណ ១,១ពាន់លានដុល្លារ ទៅលើក្រុមហ៊ុន Ant Group ដើម្បីបញ្ចប់រឿងក្ដីក្ដាំទាក់ទងនឹងកំណែទម្រង់បទបញ្ញត្តិថ្មីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រឿងក្ដីរវាងធនាគារប្រជាជនចិន (PBOC) ជាមួយនឹងក្រុមហ៊ុនមហាសេដ្ឋី Jack Ma គឺកើតឡើងតាំងពីចុងឆ្នាំ ២០២០ បន្ទាប់ពីចិនបានចេញកំណែទម្រង់ថ្មី ហើយវាគ្រោងនឹងបិទបញ្ចប់ឆាប់ៗនេះ ដោយការផាកពិន័យ។

ការផាកពិន័យដែលនឹងក្លាយជាការផាកពិន័យធំបំផុត សម្រាប់ក្រុមហ៊ុនអ៊ីនធឺណិតក្នុងស្រុកមួយនេះ នឹងជួយត្រួសត្រាយផ្លូវ ដល់ក្រុមហ៊ុន Fintech ដើម្បីធានាបាននូវអាជ្ញាប័ណ្ណហិរញ្ញវត្ថុ ការពង្រីកខ្លួន និងជាចុងក្រោយគឺ ប្រកាសចូលខ្លួនក្នុងទីផ្សារភាគហ៊ុនឡើងវិញ។
សូមជម្រាបដែរថា កាលពីខែមេសា អាជ្ញាធរចិនធ្លាប់ចង់ផាកពិន័យក្រុមហ៊ុនមហាសេដ្ឋីចិន Jack Ma ក្នុងទំហំទឹកប្រាក់ ៥ពាន់លានយ៉ន់ ប៉ុន្តែឆ្លងកាត់ការពិនិត្យឡើងវិញ ពួកគេក៏សម្រេចផាកពិន័យយ៉ាងតិច ៨ពាន់លានយ៉ន់ ទៅលើក្រុមហ៊ុន Ant Group៕