រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិក លោកស្រី Janet Yellen កំពុងត្រៀមខ្លួន សម្រាប់កិច្ចប្រជុំ ជាមួយមន្ត្រី និងក្រុមអ្នកសេដ្ឋកិច្ច ក្រោយដំណើរទសន្សកិច្ចជាលើកដំបូង នៅក្នុងទីក្រុងប៉េកាំង ហើយវាត្រូវបានគេយល់ថា លោកស្រី Yellen នឹងមានការងារដ៏លំបាកបំផុតមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ មានភាពល្អប្រសើឡើងវិញ ក្រោយទទួលរងភាពប្រេះស្រាំកាន់តែអាក្រក់ទៅៗ រយ:ពេលថ្មីៗចុងក្រោយ។
ជាការពិតណាស់ ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិន បានប្រកាសអំពីការរឹតបន្តឹងបន្ថែមទៀត ទៅលើការនាំចេញវត្ថុធាតុដើមសំខាន់ៗ ដែលចាំបាច់សម្រាប់ការផលិតបន្ទះឈីប ហើយវាក៏ជាប្រភពមួយ ដែលធ្វើឱ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ មើលមុខគ្នាមិនចំ ផងដែរ។
យ៉ាងណាមិញ បញ្ហាដែលត្រូវដោះស្រាយរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញខ្លាំង បើទោះបីជាពេលកន្លងមកនេះ ក្រុមហ៊ុនធំៗជាច្រើនរបស់ប្រទេសទាំងពីរ ហាក់ដូចព្យាយាមរក្សាទំនាក់ទំនង កាន់តែខ្លាំងជាមុនក៏ដោយ ។
មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថាសេដ្ឋកិច្ចពិភពលោក អាចនឹងទទួលបានភាពប្រសើឡើង ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងអាចជួសជុលទំនាក់ទំនងជាមួយគ្នាឡើវិញនោះ ប៉ុន្តែបើតាមអ្នកវិភាគ បាននិយាយថា រឿងនេះមិនទំនងអាចកើតមានឡើងនោះឡើយ។
ជម្រាបជូនផងដែរ កន្លងមក ប្រមុខការទូតរបស់អាមេរិក លោក Antony Blinken ក៏ទើបតែនឹងបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងផងដែរ ដោយបានជួបពិភាក្សាដោយផ្ទាល់ជាមួយ ប្រធានាធិបតី ស៊ី ជិនពីង ក្នុងគោលបំណងផ្សះផ្សារទំនាក់ទំនងរវាងអាមេរិក និងចិន ផងដែរ។ តែយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងនេះ ហាក់មិនទទួលបានផ្លែផ្កាអ្វីនោះឡើយ ៕