រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang កាលពីរសៀលថ្ងៃសុក្រ ដោយជជែកគ្នាពីស្ថានភាពទំនាក់ទំនងសេដ្ឋកិច្ចរវាងមហាអំណាចទាំង ២។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Barrons បានបង្ហាញថា កិច្ចប្រជុំមួយនោះធ្វើឡើងនៅអគាររដ្ឋ The Great Hall of the People ខណៈលោកស្រី Yellen បាននិយាយចំៗទៅកាន់នាយករដ្ឋមន្ត្រីចិនថា អាមេរិកចង់បានការប្រកួតប្រជែងដោយស្មើភាពជាមួយចិន។
“ពួកយើងចង់បានការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ច ដែលមានភាពស្មោះត្រង់ មិនមែនភាគីម្ខាងទទួលបានគ្រប់យ៉ាង ខណៈម្ខាងទៀតមិនបានអ្វីសោះឡើយ ពោលគឺការប្រកួតគ្នាដោយមានច្បាប់ត្រឹមត្រូវ និងអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២”។ នេះបើតាមសម្ដីរបស់លោកស្រី Yellen បាននិយាយ។
សូមជម្រាបដែរថា លោកស្រី Janet Yellen គឺជារដ្ឋមន្ត្រីអាមេរិកជាន់ខ្ពស់ទី ២ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីប្រមុខការទូត Antony Blinken ដែលបានមកធ្វើទស្សនកិច្ចនៅមហាអំណាចអាស៊ីកាលពីខែមុន ជាមួយគោលបំណងដូចគ្នា គឺរឹតចំណងមិត្តភាពរវាងចិន និងអាមេរិកឡើងវិញ ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនឡើយ។
ដោយឡែក នាយករដ្ឋមន្ត្រីចិនក៏បានឆ្លើយតបវិញដែរថា ទំនាក់ទំនងរវាងអាមេរិក និងចិនអាចមានភាពប្រសើរឡើងវិញ បន្ទាប់ពីជួបព្យុះភ្លៀងមួយរយៈកាលចុងក្រោយ៕