មនុស្សទូទៅសុទ្ធតែប្រាថ្នាចង់បានជីវិតមានទ្រព្យស្ដុកស្ដម្ភ មានមាសមានប្រាក់ចាយវាយមិនខ្វះ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែចង់បានជីវិតបែបនេះឡើយ ពោលលោក Ven Ajahn Siripanyo ជាកូនប្រុសមហាសេដ្ឋីមួយរូប បែរជាបោះចោលគំនរមាសប្រាក់ ងាកមកសាងផ្នួសជាព្រះសង្ឃវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន DNAIndia បានបង្ហាញថា ព្រះសង្ឃអង្គនេះគឺជាកូនប្រុសលោក Ananda Krishnan ដែលជាអ្នកធុរកិច្ចម៉ាឡេស៊ីដ៏មានឥទ្ធិពលមួយរូប និងគ្រប់គ្នាដាក់រហស្សនាមលោកថា AK មានទ្រព្យសម្បត្តិ ៥ពាន់លានដុល្លារ ហើយ Siripanyo គឺជាអ្នកស្នងមរតករបស់លោក បើសិនជារូបគេមិនចូលសាងភ្នួស។

ប្រភពដដែលបន្ថែមថា កូនប្រុសរបស់ស្ដេចត្រាញ់ម៉ាឡេស៊ីរូបនេះ បានចូលសាងភ្នួសតាំងពីអាយុ ១៨ឆ្នាំ ខណៈមូលហេតុដែលធ្វើឲ្យរូបគេស្រវារកផ្លូវធម៌បែបនេះ គឺមិនត្រូវបានឲ្យដឹងជាសាធារណៈឡើយ ប៉ុន្តែក៏ធ្លាប់មានសារព័ត៌មានខ្លះបញ្ជាក់ថា ការសាងភ្នួសរបស់គេគឺ គ្រាន់តែជា “រឿងលេងសើចបែបយុវវ័យ” ប៉ុណ្ណោះ។

ប៉ុន្តែក្រោយក្លាយជាភិក្ខុមួយរយៈប៉ុណ្ណោះ កូនប្រុសតែមួយគ្រាប់របស់លោក Ananda ក៏សម្រេចធ្វើជាព្រះសង្ឃមួយជីវិត ដោយបោះចោលជីវិតសោយសុខលើគំនរមាសប្រាក់ មកសំងំរស់នៅជាព្រះសង្ឃតាមព្រៃភ្នំ និងចិញ្ចឹមជីវិត ដោយសារដើរបិណ្ឌបាតទៅវិញ។
សូមជម្រាបដែរថា គិតមកទល់ពេលនេះ គឺរយៈពេលជាង ២០ឆ្នាំហើយ ដែលព្រះសង្ឃ Siripanyo ប្រកាសមិនទទួលកេរ្តិ៍មរតកពីគ្រួសារ និងរស់នៅក្នុងព្រៃភ្នំ ខណៈគេដឹងថា ព្រះអង្គកំពុងគង់នៅវត្តដងទង់ នៅប្រទេសថៃ ហើយក៏មានពាក្យចចាមអារ៉ាមថា ព្រះអង្គជាប់សែស្រឡាយខាងខ្សែរាជវង្សនៃប្រទេសថៃ ដែលជាសាច់ឈាមខាងម្ដាយទៀតផង។
មិនមានព័ត៌មានលំអិតទាក់ទងនឹងព្រះសង្ឃអង្គនេះប៉ុន្មានឡើយ ដោយគេគ្រាន់តែដឹងថា ព្រះអង្គមានបងប្អូនស្រី ២នាក់ កំពុងរស់នៅចក្រភពអង់គ្លេស ហើយព្រះអង្គអាចនិយាយបានរហូតដល់ ៨ភាសា៕