ថ្មីៗនេះ សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យប្រទេសថៃ ធ្វើការនាំចេញផ្លែក្រូចថ្លុង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណ:ពេលដែលប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ កំពុងសម្លឹងមើលទីផ្សារបន្ថែមទៀត សម្រាប់ផ្លែឈើដ៏ពេញនិយមរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ប្រទេសថៃ បានចាប់ផ្តើមដឹកជញ្ជូនផ្លែក្រូចថ្លុងរបស់ខ្លួន ទៅកាន់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីការចុះកិច្ចព្រមព្រៀងថ្មីមួយ ដែលអនុញ្ញាតឱ្យមានការនាំចេញផ្លែក្រូចថ្លុងចំនួន ៤ ប្រភេទ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ។
គួរឱ្យដឹងដឹងថាក្រូចថ្លុង ៤ ប្រភេទនោះ មានដូចជា Thong Dee, Khao Yai, Khao Namphueng និង Khao Tangkwa ដែលវាត្រូវបានដាក់បង្ហាញ នៅក្នុងអំឡុងពិធីបុណ្យ Sawasdee DC Thai ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែកក្កដា ក្នុងទីក្រុង Washington DC ដើម្បីអបអរសាទរទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក និងទំនាក់ទំនងការទូតថៃ-សហរដ្ឋអាមេរិក។ ខណ:ផ្លែឈើនេះ ត្រូវបានដឹកជញ្ជូនរួមគ្នា ជាមួយនឹងផ្លែឈើថៃផ្សេងទៀត ដូចជា ស្វាយ និងមង្ឃុត ដែលមានទម្ងន់សរុប ៨៦៧ គីឡូក្រាម។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋលោក Prayut Chan-o-cha បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះភាពជោគជ័យថ្មីនេះ ដែលវាអាចជួយពង្រីកទីផ្សារអន្តរជាតិសម្រាប់ផលិតផលថៃបន្ថែមទៀត។
ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ប្រទេសថៃ ទទួលបានការអនុញ្ញាតឱ្យធ្វើការនាំចេញផ្លែឈើចំនួន ៨ ប្រភេទរួចមកហើយ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលមានដូចជា ស្វាយ គូលែន មៀន ម្នាស់ មង្ឃុត ផ្លែស្រកានាគ សាវម៉ាវ និងផ្លែក្រូចថ្លុង៕